ភ្នំពេញ ៖ លោក លេង វី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើថា ថ្នាក់ដឹកនាំរដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវចងចាំនិយមន័យ និងខ្លឹមសារ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងបរិកាលនៃការអនុវត្តនយោបាយកំណែទម្រង់នៅកម្ពុជា។

ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាល ក្រុង ស្រុក ខណ្ឌ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២០ លោក លេង វី រដ្ឋលេខាធិការ មានប្រសាសន៍ថា «ថ្នាក់ដឹកនាំនៅ រដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវចងចាំនូវនិយមន័យ និងខ្លឹមសារ នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងបរិកាលនៃការអនុវត្តនយោបាយកំណែទម្រង់ នៅក្នុងព្រះរាជាណាចក្រ កម្ពុជា»។

លោកបានបញ្ជាក់ថា នយោបាយកំណែនេះទៀតសោត គឺមិនមានទីបញ្ចប់នោះទេ ហើយមានលក្ខណៈស្មុគស្មាញ និងជាបញ្ហាសំខាន់ដែលត្រូវផ្ដោតការយកចិត្តទុកដាក់ ក៏ដូចជាទាមទារឲ្យមានការខិតខំប្រឹងប្រែងអនុវត្ត ហេតុដូចនេះហើយទើបសម្ដេចក្រឡាហោម ស ខេង បានដាក់ចេញនូវការបណ្ដុះបណ្ដាល ផ្សព្វផ្សាយ និងអប់រំនេះ។

ជាងនេះទៀត រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកដល់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ថា ក្នុងនាមក្រុមប្រឹក្សារដ្ឋបាលក្រុង ស្រុក ខណ្ឌ ត្រូវមានការទទួលខុសត្រូវខ្ពស់ក្នុងការចាត់ចែងកិច្ចការចាំបាច់នានានៅមូលដ្ឋានរបស់ខ្លួន ដើម្បីសម្រេចនូវគោលបំណងក្នុងការបង្កើត និងជម្រុញឲ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ ព្រមទាំងបំពេញមុខងារ ភារកិច្ចរបស់ខ្លួនឲ្យបានស្របតាមច្បាប់ នីតិវិធីផ្សេងៗ។ 

សូមបញ្ជាក់ថា ការរៀបចំវគ្គភាពជាអ្នកដឹកនាំ សម្រាប់ថ្នាក់ដឹកនាំនៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ នេះគឺធ្វើឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពថ្នាក់ដឹកនាំនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនឲ្យកាន់តែមានប្រសិទ្ធភាព ហើយវគ្គបណ្ដុះបណ្ដាលនេះមានរយៈពេលចំនួន១០ថ្ងៃ គឺចាប់ពីថ្ងៃទី០៣ ខែថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ