ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានថ្លែងដោយចំៗថា សំណួររបស់លោក ជុន ច័ន្ទបុត្រ អ្នកឆ្លើយឆ្លងព័ត៌មានរបស់វិទ្យុអាស៊ីសេរី បានធ្វើឲ្យលោករ៉ុង ឈុន ធ្លាក់ចូលក្នុងរណ្តៅ។

លោក សុខ ឥសាន បានលើកឡើងក្នុងបណ្តាញតេឡេក្រាមនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ថា “សំណួររបស់លោកជុន  ចន្ទបុត្រ បានរួមចំណែកធ្វេីឲ្យលោក រ៉ុង ឈុនរអិលធ្លាក់ក្នុងរណ្តៅ ” ។ 

លោកថា ចំពោះការធ្វេីបាតុកម្មស្រែកឲ្យដោះលែងលោ រ៉ុង  ឈុន  ជាសិទ្ធិសម្តែងមតិដែលអាជ្ញាធរបេីកទូលាយ ប៉ុន្តែយកល្អមិនបាច់សុីបាយ ទឹកទេធ្វេីវាល់ ល្ងាចក៏បាន  ។ ចំពោះការឈរស្រែកឲ្យដោះលែងជនល្មេីសច្បាប់ជាសកម្មភាពកំដរដំណេីរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា  តែអត់បានផលអីទេ  ។ 

ក្នុងវេទិកាវិទ្យុអាស៊ីសេរីកាលពីប៉ុន្មានថ្ងៃមុន លោក រ៉ុង ឈុនបានចូលរួម ហើយលោកជុន ច័ន្ទបុត្របានសួរ សំណួរពាក់ព័ន្ធបញ្ហាព្រំដែន ក្រោយពីលោករ៉ុង ឈុន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ ដោយចោទថា ការបោះបង្គោលព្រំដែន ពីលេខ១១៤ ដល់លេខ១១៩ មានភាព មិនប្រក្រតីច្រើនធ្វើឲ្យពលរដ្ឋបាត់បង់ដីអាស្រ័យផលទៅខាងភាគី វៀតណាមជាច្រើនហិកតា។

លោក រ៉ុង ឈុន ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅផ្ទះរបស់លោក នាម៉ោង៩យប់ថ្ងៃ៣១ កក្កដា ហើយព្រះរាជអាជ្ញាបានសម្រេចចោទប្រកាន់ពីបទញុះញង់បង្កឲ្យមានភាពវិកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ។

ក្រោយមានការចោទប្រកាន់លោកត្រូវ បានសាលាដំបូងរាជធានីភ្នំពេញសម្រេចបញ្ជូនទៅឃុំខ្លួន នៅពន្ធនាគារម១ (ព្រៃស) នៅម៉ោង៦ និង១៥នាទី ល្ងាចថ្ងៃទី១ សីហា ឆ្នាំ២០២០ ដើម្បីបន្តនីតិវិធី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ