អ្នកនាំពាក្យក្រសួងការងារ ៖គិតត្រឹមព្រឹកថ្ងៃនេះ កម្មករជាង៩៥% មកធ្វើការធម្មតាតាមរោងចក្រនៅទូទាំងប្រទេស
លោក ហេង សួរ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ រោងចក្រនៅទូទាំងប្រទេសកម្ពុជា បានបើកដំណើរការធម្មតា ទៅតាមការសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងនោះមានកម្មកររោងចក្រជាង៩៥ភាគរយ មកធ្វើការជាធម្មតា។
លោក ហេង សួរ បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី១៤ ខែមេសានេះ រោងចក្រនៅទូទាំងប្រទេស បានបន្តបើកដំណើរការធម្មតា តាមបទបញ្ជា និងសំណូមពររបស់រាជរដ្ឋាភិបាល។ កម្មកររោងចក្រជាង៩៥% ក៏បានមកធ្វើការធម្មតា មានតែខេត្តកំពង់ស្ពឺទាបជាងគេបន្តិច មានត្រឹម៩៣%»។
ការបន្តធ្វើការក្នុងរោងចក្រដូចធម្មតា មិនឈប់សម្រាកទៅលេងស្រុកកំណើត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរនេះ ជាប្រការដ៏សមស្របមួយក្នុងការចូលរួមបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ-១៩ តាមគោលការណ៍របស់រាជរដ្ឋាភិបាល ពិសេសដើម្បីការពារភូមិដ្ឋានសហគមន៍នៅ ឯស្រុកកំណើតរបស់ខ្លួនពីជំងឺកូវីដ-១៩៕SP