ភ្នំពេញ ៖ លោក Eldeen Husaini ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅកម្ពុជា បានស្នើដល់នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍ឲ្យជូនដំណឹងមកស្ថានទូត អំពីករណីជនជាតិម៉ាឡេស៊ី ដែលប្រព្រឹត្តខុសច្បាប់របស់កម្ពុជា ដើម្បីស្ថានទូតមានចំណាត់ការតាមផ្លូវ។នេះបើយោងតាម គេហទំព័រ ហ្វេសប៊ុករបស់អគ្គ នាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងជំនួបពិភាក្សាការងារជាមួយ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នារសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ លោក Eldeen Husaini បានកោតសសេីរកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការល្អ នាពេលកន្លងមក លើការងារសម្របសម្រួល ការធ្វើមាតុភូមិនិវត្តន៍ជនជាតិម៉ាឡេស៊ី ដែលបានជួបស្ថានភាពលំបាកនៅកម្ពុជា ក្នុងដំណាក់កាលជំងឺកូវីដ-១៩នេះ។

លោក មានប្រសាសន៍ថា “សូមស្នើសុំកិច្ចសហការពី អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ឲ្យជូនដំណឹងមកស្ថានទូតម៉ាឡេស៊ីអំពីករណីជនជាតិ ម៉ាឡេស៊ីដែលបានប្រព្រឹត្តខុសច្បាប់អន្តោប្រវេសន៍កម្ពុជា ដើម្បីស្ថានទូតធ្វើការសហការ និងមានចំណាត់ការដោយផ្អែកតាមនីតិវិធីច្បាប់”។

ក្នុងជំនួបនេះដែរ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ក៏បានគាំទ្រដល់កិច្ចសហប្រតិបត្តិការ ប្រឆាំងបទល្មើស រវាងប្រទេសកម្ពុជា-ម៉ាឡេស៊ី ព្រមទាំងបន្តកិច្ចសហប្រតិបត្តិការ ទាក់ទងទៅនឹងការប្រឆាំងឧក្រិដ្ឋកម្ម ភេរវកម្ម បទល្មើស និងការស្វែងរកចាប់ឧក្រិដ្ឋ ឆ្លងដែន រវាងប្រទេសទាំង២ផងដែរ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ