អគ្គនាយកដ្ឋាន ដឹកជញ្ជូនផ្លូវគោកណែនាំឲ្យក្រុមហ៊ុនដឹកដំណើរតាមផ្លូវគោក ត្រូវចុះបញ្ជីធ្វើអាជីវកម្មស្របតាមច្បាប់
ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានធ្វើការណែនាំដល់ ក្រុមហ៊ុនធ្វើអាជីវកម្ម ដឹកអ្នកដំណើរ តាមផ្លូវគោកនៅកម្ពុជា ពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោកក្នុងប្រទេសត្រូវមកស្នើសុំចុះបញ្ជីធ្វើអាជីវកម្មស្របតាមច្បាប់ជាធរមាន។
យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក បានសង្កេតឃើញថា មានក្រុមហ៊ុនធ្វើ អាជីវកម្ម ដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេស និងក្រុមហ៊ុនមួយចំនួនទៀត ដែលបានចុះបញ្ជីរួចហើយ ខកខានមិនបានមកបន្តសុពលភាព លិខិតអនុញ្ញាតឲ្យធ្វើ អាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស នៅក្រសួងសាធារណការ។
អាស្រ័យហេតុនេះ ដើម្បីគ្រប់គ្រងការធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេសឲ្យមានប្រសិទ្ធភាព សុវត្ថិភាពប្រកបដោយការទទួលខុសត្រូវខ្ពស់ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សូមធ្វើការណែនាំ ដូចខាងក្រោម ៖
ទី១-ក្រុមហ៊ុនដែលពុំទាន់បានចុះបញ្ជី ធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ក្នុងប្រទេសត្រូវមកស្នើសុំចុះបញ្ជីធ្វើអាជីវកម្មស្របតាមច្បាប់ជាធរមាន។
ទី២-ក្រុមហ៊ុនដែលផុតសុពលភាពលិខិត អនុញ្ញាតឲ្យធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាម ផ្លូវគោកក្នុងប្រទេស ត្រូវមកស្នើសុំបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មតាមកាលកំណត់។
និង៣-លិខិតអនុញ្ញាតឲ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោកក្នុងប្រទេស ដែលផុតសុពលភាព ត្រូវមកស្នើសុំបន្តលិខិតអនុញ្ញាតធ្វើអាជីវកម្មតាមកាលកំណត់ ។
ករណីក្រុមហ៊ុនធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរតាមផ្លូវគោក ដែលមិនមានវិញ្ញាបនបត្រ ចុះបញ្ជីនៅក្រសួងសាធារណការ នឹងទទួលសុខត្រូវទាំងស្រុងចំពោះមុខច្បាប់រាល់ករណី ដែលអាចកើតមាន។ចំពោះក្រុមហ៊ុន ឬយានយន្តដែលផុតសុពលភាពលិខិតអនុញ្ញាតឲ្យ ធ្វើអាជីវកម្មដឹកជញ្ជូន អ្នកដំណើរតាមផ្លូវគោកត្រូវរងការពិន័យ ចាប់ពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ នេះតទៅ៕EB