រយៈពេល១ខែ រាជរដ្ឋាភិបាល ចំណាយថវិកា២៥លានដុល្លារ ក្នុងកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ»
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងរយៈពេល១ខែ រាជរដ្ឋាភិបាលកម្ពុជា ត្រូវចំណាយថវិកា២៥លានដុល្លារ នៅក្នុងកម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩»។
ក្នុងកម្មវិធី ប្រកាសដាក់ឲ្យប្រើប្រាស់កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរង គ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩» នៅវិមានសន្ដិភាព នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា រាជរដ្ឋាភិបាលនឹងប្រគល់ថវិកា ជូនគ្រួសារក្រីក្រនៅកម្ពុជា ប្រមាណជា៦០ម៉ឺនគ្រួសារ ផងដែរ។
សម្ដេចតេជោ មានប្រសាសន៍ថា «កម្មវិធីជំនួយសង្គមផ្តល់ជូនគ្រួសារក្រីក្រនេះ មិនបានធ្វើជាអចិន្រៃ្តយ៍ឡើយ ហើយកម្មវិធីនេះ ក៏មិនមែនជាការចិញ្ចឹមរបស់រាជរដ្ឋាភិបាលឡើយ គឺធ្វើ ឡើងដើម្បីជួយសង្គ្រោះគ្រួសារក្រីក្រ ក្នុងពេលមានវិបត្តិជំងឺ កូវីដ-១៩»។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្មវិធី ឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង កូវីដ-១៩ រាជរដ្ឋាភិបាលកម្ពុជា ហ៊ាននិយាយ អ្វីគឺហ៊ាន ធ្វើហើយ ធ្វើដោយហ្មត់ចត់ទៀត ផងដែរ៕EB