បន្ទាប់ពីបានឃាត់ខ្លួនជនល្មើសម្នាក់ដែលបាញ់សម្លាប់សត្វស្វាកន្ទុយសមួយក្បាលក្នុងខេត្តស្ទឹងត្រែង លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថានបានសម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងខ្លាំងចំពោះជនល្មើសដែលបានសម្លាប់សត្វដែលជាប្រភេទសត្វកម្រសម្រាប់ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកនេះ។រាយការណ៍៖ យឺន សីហា 

លោក នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន កាលពីយប់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ បានសម្ដែងការសោកស្ដាយ និងថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការបាញ់សម្លាប់សត្វស្វាកន្ទុយស នៅខេត្តស្ទឹងត្រែង ដែលជាប្រភេទសត្វកម្រ នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ នេះបើយោងទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន។ 

ជាមួយគ្នាអ្នកនាំពាក្យក្រសួងបរិស្ថានរូបនេះ បានអះអាងថា ជនសង្ស័យដែលបានប្រព្រឹត្តបទល្មើសនេះ ត្រូវបានអាវុធហត្ថខេត្តស្ទឹងត្រែងចាប់ខ្លួនបានហើយ និងបានប្រគល់ឲ្យមន្ដ្រីបរិស្ថាន ដើម្បីត្រៀមបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០នេះ ដើម្បីបញ្ជូនសំណុំរឿងទៅតុលាការតាមផ្លូវច្បាប់ជាធរមាន។

 

គួរជម្រាបថាស្វាកន្ទុយសដែលជាសត្វកម្រនៅខេត្តស្ទឹងត្រែង ត្រូវជនល្មើសបាញ់ចំកណ្ដាលក្បាលបណ្ដាលឲ្យស្លាប់យ៉ាងអណោចអធ័មកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ នៅចំណុចក្រឡាពុះ ភូមិស្វាយរៀង ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។ 

ដោយឡែកសម្រាប់សពសត្វស្វាកន្ទុយសដែលត្រូវបានជនសង្ស័យបាញ់សម្លាប់នេះ សមត្ថកិច្ចបានយកទៅដុតរំលាយសពរួចរាល់ហើយកាលពីល្ងាចថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០នេះ។ តួយ៉ាងលោក នេត្រ ភក្ដ្រា ក៏បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ សត្វស្វាកន្ទុយស នៅក្នុងប្រទេសកម្ពុជាមានប្រមាណជាង២ម៉ឺនក្បាល ដែលកំពុងមានវត្តនៅភាគខាងកើត និងខាងជើងទន្លេមេគង្គ ពោលមាននៅខេត្តមណ្ឌលគិរី ស្ទឹងត្រែង រតនគិរី និងខេត្តព្រះវិហារ ហើយខេត្តមណ្ឌលគិរី ជាខេត្តដែលមានសត្វស្វាកន្ទុយសច្រើនជាងគេ ពិសេសក្នុងដែនជម្រកសត្វព្រៃកែវសីម៉ា។ 

លើសពីនេះលោក នេត្រ ភក្ដ្រា បានអំពាវនាវដល់ប្រជាពលរដ្ឋ ពិសេសអ្នកនៅតំបន់ព្រៃភ្នំ ឲ្យបញ្ឈប់ការបាញ់សម្លាប់សត្វ ដើម្បីយកមកធ្វើជាចំណីអាហារ ឬដើម្បីផលប្រយោជន៍ផ្សេងៗ ព្រោះថាមកទល់ពេលនេះ សត្វព្រៃមួយចំនួនបានជិតផុតពូជទៅហើយ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ