បរទេស ៖ អ៊ីស្រាអែល និងក្រុមហេសបូឡា បានបន្តការបាញ់ប្រហារគ្នាយ៉ាងខ្លាំង បើទោះបីជាមានការអំពាវនាវឱ្យមានការឈប់បាញ់ពីសហភាពអឺរ៉ុប ហើយអ្នកកាទូតកំពូលលោក Josep Borrell បានទៅដល់ប្រទេសលីបង់ ក៏ដោយ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី២៥ វិច្ឆិកា ២០២៤។
អ៊ីស្រាអែលបានវាយប្រហារលើមូលដ្ឋានរឹងមាំខាងត្បូង ទីក្រុង Beirut របស់ក្រុម Hezbollah កាលពីថ្ងៃអាទិត្យ ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋលីបង់បាន រាយការណ៍ពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងនៅក្នុងតំបន់ព្រំដែន ហើយយោធាអ៊ីស្រាអែលបាននិយាយថា កាំជ្រួចប្រហែល ២៥០គ្រាប់ ត្រូវបានបាញ់លើទឹកដីរបស់ខ្លួន។
ការបាញ់គ្នាយ៉ាងខ្លាំងនេះបានកើតឡើង បើទោះជាមានការអំពាវនាវបទឈប់បាញ់ រវាងអ៊ីស្រាអែល និងហេសបូឡាហ៍ ពីអ្នកការទូតកំពូលអឺរ៉ុប លោក Josep Borrell ដែលបានបំពេញទស្សនកិច្ច នៅប្រទេសលីបង់ កាលពីថ្ងៃអាទិត្យ។
នៅក្នុងរដ្ឋធានី នៃប្រទេសលីបង់ លោក Borrell បានជួបពិភាក្សាជាមួយប្រធានសភាលីបង់ ដែលបានដឹកនាំកិច្ចខិតខំប្រឹងប្រែងសម្របសម្រួល ក្នុងនាមសម្ព័ន្ធមិត្ត ជាមួយនឹង Hezbollah ។
លោក Borrell បាននិយាយថា «យើងមើលឃើញ តែផ្លូវមួយ ដែលអាចធ្វើទៅបាន នៅខាងមុខ គឺបទឈប់បាញ់ភ្លាមៗ និងការអនុវត្តពេញលេញ នៃដំណោះស្រាយ ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ»។
លោកបានព្រមានថា «ប្រទេសលីបង់កំពុងស្ថិតក្នុងគែមនៃការដួលរលំ»។ នៅក្រោមដំណោះស្រាយ ១៧០១ ដែលបានបញ្ចប់ សង្រ្គាមហេសបូឡា-អ៊ីស្រាអែលចុងក្រោយ នាឆ្នាំ២០០៦ កងទ័ពលីបង់ និងកងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ គួរតែជាកម្លាំងប្រដាប់អាវុធតែមួយគត់ ដែលមានវត្តមាន នៅក្នុងតំបន់ព្រំដែន ភាគខាងត្បូង។ ដំណោះស្រាយក៏បានអំពាវនាវឱ្យអ៊ីស្រាអែល ដកទ័ពចេញពីលីបង់ ហើយបានរំលឹកឡើងវិញ នូវការអំពាវនាវ កាលពីមុន ឱ្យ «ការរំសាយអាវុធ នៃក្រុមប្រដាប់អាវុធទាំងអស់ នៅក្នុងប្រទេសលីបង់»។
គួរបញ្ជាក់ផងដែរថា ជម្លោះនេះបានសម្លាប់មនុស្ស យ៉ាងហោចណាស់ ៣,៧៥៤ នាក់ហើយ នៅក្នុងប្រទេសលីបង់ ចាប់តាំងពីខែតុលាឆ្នាំ ២០២៣ ដោយអ្នកស្លាប់ភាគច្រើន ចាប់ផ្តើមកើនខ្លាំង តាំងពីខែកញ្ញា ឆ្នាំ២០២៤៕