អគ្គនាយកដ្ឋានពន្ធនាគារ ណែនាំប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ដ ត្រូវពិនិត្យឱ្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំទៅកាន់តុលាការ
ភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ប្រធាននាយកដ្ឋានទាំង៥ ប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ដើម្បីប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារសម្រាប់ខែធ្នូ ឆ្នាំ២០២៤។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម អគ្គនាយក បានផ្តល់អនុសាសន៍ណែនាំ ជាការងារដំណោះស្រាយដល់នាយកដ្ឋានជំនាញ និងប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ត ដើម្បីបន្តអនុវត្ត និងត្រូវយកចិត្តទុកដាក់ការងារចាំបាច់មួយចំនួនដូចខាងក្រោម ៖
ទី១- ត្រូវសម្រេចឱ្យបាន ១០០% នូវការសាងសង់បន្ទប់សុវត្ថិភាពសម្រាប់មន្ត្រីនៅគ្រប់អង្គភាពទាំងអស់។
ទី២- សូមប្រធានមណ្ឌលអប់រំកែប្រែពន្ធនាគាររាជធានី-ខេត្ដ ទាំងអស់ ត្រូវត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចំពោះការដឹកជនជាប់ឃុំទៅកាន់តុលាការ ត្រូវពិនិត្យឱ្យបានច្បាស់លើសម្ភារ និងសំលៀកបំពាក់ជនជាប់ឃុំទៅតាមនីតិវិធីពន្ធនាគារ។
ទី៣- ចំពោះរថយន្តដឹកជញ្ជូនជនជាប់ឃុំនៅតាមផ្លូវនៅពេលដែលជិតដល់ចំណុចមន្ទីរពេទ្យ ត្រូវបិទសារ៉ែនជាដាច់ខាត។
ទី៤- ត្រូវពង្រឹង និងបន្តធ្វើការឆែកឆេររកវត្ថុហាមឃាត់ជាពិសេសទូរស័ព្ទដៃ និងគ្រឿងញៀនជាដាច់ខាត៕EB