ប៉ារីស ៖ រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Noel Barrot ដែលបាននិយាយនៅក្នុងបទសម្ភាសន៍មួយថា អ៊ុយក្រែនអាចបាញ់មីស៊ីលរយៈចម្ងាយឆ្ងាយរបស់បារាំងចូលទៅក្នុងប្រទេសរុស្ស៊ី ដើម្បីជាការការពារខ្លួន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន BBC នៅថ្ងៃទី២៥ វិច្ឆិកា ២០២៤។
លោក Barrot មិនបញ្ជាក់ថាតើមីស៊ីលរបស់បារាំងត្រូវបានប្រើប្រាស់នៅអ៊ុយក្រែនរួចហើយឬអត់នោះទេ។ បារាំង បានផ្គត់ផ្គង់ដល់អ៊ុយក្រែននូវមីស៊ីល SCALP ដែលអាចបាញ់ដល់គោលដៅក្នុងចម្ងាយ ជាង ២៥០គីឡូម៉ែត្រ។
ការប្រកាសបែបនេះរបស់លោក Barrot កើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា ប្រទេសរបស់លោកបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយមធ្យមថ្មី ទៅកាន់ភាគខាងកើតអ៊ុយក្រែនកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។
លោក ពូទីន បានគូសបញ្ជាក់ថា ទង្វើនេះគឺជាការសងសឹកចំពោះការវាយប្រហារមកលើទឹកដីរបស់រុស្ស៊ី ដោយមីស៊ីលរយៈចម្ងាយឆ្ងាយ ដែលផ្តល់ដោយសហរដ្ឋអាមេរិក និងអង់គ្លេស៕ RT