សត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការបំពុលរបស់មនុស្ស និងការបាត់បង់ជម្រក
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា មូលហេតុដែលនាំឱ្យសត្វត្មាត នៅក្នុងប្រទេសកម្ពុជា មានការធ្លាក់ចុះខ្លាំង ដោយសារការគំរាមកំហែងខ្លាំងបំផុតពីការបំពុលរបស់មនុស្ស ការបាត់បង់ជម្រក ការខ្វះខាតចំណីអាហារ ការបរបាញ់តាមរយៈការដាក់អន្ទាក់ និងការបំពុល។នេះបើតាមការឱ្យដឹងរបស់លោកក្នុងឱកាស ចូលរួមបើកជំរឿន សត្វត្មាតប្រចាំឆ្នាំនៅកម្ពុជា ដែលធ្វើឡើងនៅសហគមន៍ដងផ្លិត អាហារដ្ឋាន ត្មាត ក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃឆែប ក្នុងស្រុកឆែប ខេត្តព្រះវិហារ នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០។
សត្វត្មាតជាប្រភេទសត្វកម្រ និងកំពុងស្ថិតក្នុងហានិភ័យខ្ពស់ ក្នុងការបាត់ពូជនៅលើសកលលោក ខណៈចំនួនសត្វត្មាតនៅតែបន្តមានការធ្លាក់ចុះជារៀងរាល់ឆ្នាំ និងក្នុងកម្រិតមួយគួរព្រួយបារម្ភ ទោះបីជារាជរដ្ឋាភិបាលតាមរយៈក្រសួងបរិស្ថានដោយ សហការជាមួយអង្គការដៃគូនានា ខិតខំប្រឹងប្រែងការពារ និងអភិរក្សក៏ដោយ។
ដោយសារតែសត្វត្មាតជាសត្វកម្រជិតផុតពូជអស់ពីលើពិភពលោក ហើយកម្ពុជាត្រូវបានគេដឹងថានៅមានសល់សត្វត្មាតច្រើនជាងគេនោះ ក្រសួងបរិស្ថានបានសហការជាមួយអង្គការសមាគមសង្គ្រោះសត្វព្រៃ WCS អនុវត្តសកម្មភាពអភិរក្សនៅតាមតំបន់ការពារធម្មជាតិនានា តាមរយៈការផ្តល់ចំណីបន្ថែម និងការពារសំបុកពងកូនបង្កើនការយល់ដឹងស៊ីជម្រៅនៃកត្តាប្រឈមដល់សត្វត្មាត។
លោកបន្ថែមថា ប្រជាសហគមន៍នៅតាមតំបន់មួយចំនួនបាន ប្រើប្រាស់ថ្នាំពុលដាក់ទៅក្នុង ឬជុំវិញត្រពាំង ដើម្បីចាប់សត្វស្លាប និងថនិកសត្វផ្សេងៗ ហើយការបំពុលនេះក៏ជាមូលហេតុចម្បងដែលបណ្ដាលឱ្យសត្វត្មាតស្លាប់ដែរ ដោយសារតែសត្វត្មាតទាំងនោះស៊ីសាកសពសត្វស្លាប់ដោយសារតែថ្នាំពុល។
លោក នេត្រ ភក្ត្រា បានថ្លែងថា ការជំរឿនសត្វត្មាត បានធ្វើឡើងចំនួន៥ ទីតាំងផ្សេងគ្នា រួមមាន៖ នៅដែនជម្រកសត្វព្រៃសៀមប៉ាង ក្នុងខេត្តស្ទឹងត្រែង នៅអាហារដ្ឋានត្មាតចំ ណុចវាលបឹងទាល់ ស្ថិតនៅសហគមន៍ព្រៃអណ្តូងដងផ្លិត ក្នុងដែនជម្រកសត្វព្រៃឆែប ក្នុងខេត្តព្រះ វិហារ នៅដែនជម្រកសត្វព្រៃស្រែពក ខេត្តមណ្ឌលគិរី នៅស្រែអង្ក្រង ក្នុងតំបន់សេសាននៅស្ទឹងត្រែង និងដែនជម្រកសត្វព្រៃលំផាត់ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី។
ចំពោះចំនួន សត្វត្មាតចំនួន ៣៤ក្បាល បានចុះមកស៊ីសត្វគោងាប់ ដែលជាចំណីរៀបចំបន្ថែមដោយអង្គការ WCS ក្រោមការឧបត្ថម្ភគាំទ្ររបស់គម្រោង ព្រៃឡង់ បៃតង ក្នុងនោះសត្វត្មាតផេះចំនួន៩ក្បាល ត្មាតភ្លើងចំនួន ៣ក្បាល និងត្មាតត្មោតចំនួន ២២ក្បាល។ ចំនួននេះមិនទាន់រាប់បញ្ចូលពីលទ្ធផលជំរឿននៅ តំបន់ផ្សេងទៀតនៅឡើយទេ។ការធ្វើជំរឿន កាលខែធ្នូ ឆ្នាំ២០១៩កន្លងទៅ នៅទីតាំងដដែលនេះ មានសត្វត្មាតចំនួន៤៤ក្បាល។ក្នុងនោះ តំបន់ដែលមានសត្វត្មាតច្រើ នជាងគេ គឺនៅដែនជម្រកសត្វព្រៃសៀមប៉ាងក្នុងខេត្តស្ទឹងត្រែង និងដែនជម្រក សត្វព្រៃឆែបក្នុង ខេត្តព្រះវិហារលទ្ធផលជំរឿនសត្វត្មាតនៅឆ្នាំ២០១៩ កន្លង ទៅបង្ហាញថាកម្ពុជាមានសត្វត្មាតទាំង៣ ប្រភេទ មានចំនួន ១៣៧ ក្បាល។
សូមបញ្ជាក់ថា សត្វត្មាតជាសត្វស្លូត និងជាអ្នកដែលសម្អាតបរិស្ថានដោយស៊ីគម្រង់សាកសពសត្វផ្សេងទៀតជាអាហារ ហើយការពារ និងអភិរក្សសត្វត្មាតបានគង់វង្ស វាជាការថែរក្សាមរតកធម្មជាតិដ៏មានតម្លៃមហាសាលសម្រាប់កម្ពុជា និងពិភពលោកទាំងមូល ជាតម្លៃសម្រាប់ការអភិរក្សជីវៈចម្រុះ និងការទាក់ទាញភ្ញៀវទេសចរសម្រាប់ទេសចរណ៍ធម្មជាតិ បង្កើតមុខរបរ ផ្តល់ចំណូលជូនពលរដ្ឋ៕