ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានកិត្តិយសមហាសន្និបាត ICAPP លើកទី១២ បានថ្លែងប្រកាសថា មិនញញើតដៃ ជាមួយនឹងការប្រើប្រាស់នូវវិធានការទាំងឡាយណា ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ។

ការលើកឡើងរបស់ សម្ដេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីបើកមហាសន្និបាតអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ីលើកទី១២ (ICAPP) លើប្រធានបទ «ការស្វែងរកសន្តិភាព និងការផ្សះផ្សា» និងកិច្ចប្រជុំពាក់ព័ន្ធ ដែលប្រព្រឹត្តទៅនៅសាលសន្និបាត ជាន់ទី៥ វិមាន ៧មករា នាថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤។

សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សិទ្ធិមនុស្សត្រូវបានគេប្រើប្រាស់ជាឧបករណ៍នយោបាយ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដែលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យ និងស្របច្បាប់។

សម្ដេចតេជោ បន្ដថា ជាប់ស្ដែងបដិវត្តន៍ពណ៌មួយ ត្រូវបានប៉ុនប៉ងធ្វើឡើងដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ កាលយប់ថ្ងៃទី២១ ខែវិច្ឆិកា ក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណបក្សប្រជាជនកម្ពុជា សម្ដេច បានលើកឡើងថា ចុងក្រោយមានការប៉ុនប៉ងចង់ធ្វើបដិវត្តន៍ពណ៌ជាថ្មីនៅកម្ពុជា បន្ទាប់ពីការអនុវត្តន៍ជោគជ័យនៅបង់ក្លាដេស។

ជុំវិញបញ្ហានេះទាំងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានស្គាល់រួចទៅហើយពីរូបមន្តបដិវត្តន៍ពណ៌ ហើយត្រូវបានទប់ស្កាត់មិនឱ្យកើតមាននោះឡើយ។

សម្ដេចតេជោ មានប្រសាសន៍ថា «យើងខ្ញុំ បានស្គាល់វិធីសាស្ដ្រ នៃក្រុមបដិវត្តន៍ពណ៌ រួចសម្រេចទៅហើយ ពួកគេមិនធ្វើរដ្ឋប្រហារផ្តួលរំលំទៀតទេ មិនគាំទ្រផ្ដួលរំលំតាមបែបរដ្ឋប្រហារទេ ប៉ុន្ដែគេប្រើបដិវត្តន៍ពណ៌ ជំនួសវិញ តាមរយៈហ្វូងមនុស្សផ្ដួររលំ។

សម្ដេចតេជោ បន្ដថា «ដូច្នេះ យើងមិនញញើតដៃ ជាមួយនឹងការប្រើប្រាស់នូវវិធានការទាំងឡាយ ដើម្បីទប់ស្កាត់នូវបដិវត្តន៍ពណ៌នោះទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ