ហ្វីលីពីន៖ នៅក្នុងសន្និសីទកាសែតមួយ នៅថ្ងៃសៅរ៍ ទី២៣វិច្ឆិកា លោកស្រី Sara Duterte  អនុប្រធានាធិបតីហ្វីលីពីន និងដែលត្រូវជាកូនស្រីលោកអតីតប្រធានាធិបតី រ៉ូឌ្រីហ្គោ ឌូទែរត៍ បានលើកឡើងថា លោកស្រីកំពុងត្រូវបានគេប៉ុនប៉ងធ្វើឃាត។

ប៉ុន្មានម៉ោងក្រោយសន្និសីទកាសែតរបស់លោកស្រីអនុប្រធានាធិបតីហ្វីលីពីននេះ វិមានប្រធានាធិបតីបានចេញលិខិតប្រកាស ថាគេបានចេញបញ្ជាទៅកាន់កងអង្គរក្សរក្សាសន្តិសុខលោកប្រធានាធិបតី ឲ្យមានការប្រុងប្រយត្ន័ខ្ពស់បំផុត។ លិខិតនេះបញ្ជាក់ទៀតថា គេចាត់ទុកសម្តីរបស់លោកស្រី សារ៉ា ឌូរទែរត៍ ជាការគំរាមដោយច្បាស់ៗ មកលើអាយុជីវិតរបស់លោកប្រធានាធិបតីម៉ារកូស ព្រោះសំដីគំរាមនេះ បាននិយាយជាសាធារណៈ ដោយឥតលាក់លៀម។

ជាសញ្ញានៃជម្លោះកាន់តែក្ដៅគគុករវាងគ្រួសារលោក Duterte និងគ្រួសារលោក Marcos លោកស្រី Sara Duterte បាននិយាយថា  «ខ្ញុំបានបញ្ជាមនុស្សម្នាក់ថាប្រសិនបើខ្ញុំត្រូវគេសម្លាប់ អ្នកឯងត្រូវតែសម្លាប់ BBM (លោក Marcos), (ជំទាវទីមួយ) លោកស្រី Liza Araneta និង (ប្រធានសភា) លោក Martin Romualdez។ នេះមិនមែនជាការនិយាយលេងសើចទេ ហើយកុំបញ្ឈប់ឱ្យសោះ ទាល់តែអ្នកឯងសម្លាប់ពួកគេបាន»។ នេះជាការគំរាមរបស់លោកស្រី Sara Duterte។

 ថ្លែងក្នុងវីដេអូមួយក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វីលីពីនលោកស្រីបានគរាមនឹងសម្លាប់ប្រធានាធិបតីបច្ចុប្បន្នចោល លោកស្រីបានទុកលោក Ferdinand Marcos Jr. មិនចេះដឹកនាំ និងខ្វះសមត្ថភាពក្នុងការដឹកនាំប្រទេសហ្វីលីពីន។ ភ្លាមៗក្រោយពីសារគំរាមគំហែងរបស់លោកស្រី អាជ្ញាធរហ្វីលីពីនបានបញ្ជូនសារគំរាមនេះទៅកាន់ឆ្មាំការពារប្រធានាធិបតី គេមិនទាន់ដឹងច្បាស់ថា តើនឹងមានចំណាត់ការយ៉ាងណានោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ