នគរបាលជាតិ សហការគ្នាជាមួយ សមាគម សហភាពយន្ត នៃកម្ពុជារួមគ្នា ដើម្បី ផលិតខ្សែរភាពយន្ត អប់រំ ចំនួន៣ ស្ដីពីសុវត្តិភាពចរាចរណ៍ផ្លូវគោក
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាន នគរបាលជាតិ និងសមាគមសហភាពយន្ត នៃកម្ពុជាបានរួមគ្នាផលិត ខ្សែភាពយន្ដអប់រំខ្លីចំនួន៣ ដើម្បីសុវត្តិភាពចរាចរណ៍ផ្លូវគោកជាពិសេស ចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។
សូជម្រាបថា ខ្សែរភាពយន្តខ្លី ចំនួន៣ដែលត្រូវថត រួមមាន ៖ ទី១-រឿងព្រោះតែអូន ,ទី២-រឿងមហាវិថីគ្រោះថ្នាក់ និងទី៣-វិប្បដិសារីឪពុកខ្ញុំ។
ក្នុងកម្មវិធី ក្រុងពាលី ផលិតរឿងខ្លីអប់រំដើម្បីសុ វត្តិភាពចរាចរណ៍ ផ្លូវគោកនារសៀល ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២០ នៅសមាគមសហភាពយន្ត នៃកម្ពុជាឧត្តមសេនីយ៍ទោ ឡុងធូ អនុប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ការផលិតខ្សែភាពយន្តអប់រំខ្លី ចំនួន៣នេះ គឺធ្វើឡើងស្របពេលជាមួយ យុទ្ធនាការរបស់ រដ្ឋាភិបាលដែលដាក់អនុវត្តការ រឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។
លោកបញ្ជាក់ថា ” ការផលិតខ្សែភាពយន្តខ្លីនេះ គឺបានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីបញ្ជ្រាបការយល់ដឹង អំពីច្បាប់ស្តីពីចរាចរណ៍ ផ្លូវគោកដល់ប្រជាពលរដ្ឋ ។ នេះគឺជាសិល្បៈមួយដើម្បីចូលរួម កាត់បន្ថយភាពក្រីក្រនៅក្នុងសង្គម”។
ជាងនេះទៅទៀត លោករំពឹងទុកថា បន្ទាប់ពីសហការ ជាមួយសមាគម សហភាពយន្ត នៃកម្ពុជាផលិតខ្សែភាពយន្តខ្លីចំនួន៣នេះ ប្រជាពលរដ្ឋប្រាកដជាទទួលការយល់ដឹង ច្រើនអំពីច្បាប់ចរាចរណ៍ផ្លូវគោក និងបានប្រើប្រាស់ផ្លូវធ្វើដំណើរឲ្យបានត្រឹមត្រូវ ជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ ។
សូមរលឹកថា ចាប់តាំងពីការអនុវត្តការ រឹតបន្តឹងច្បាប់ចរាចរណ៍ ផ្លូវគោកពីថ្ងៃទី១ ខែឧសភា រហូតដល់ត្រឹម ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ គឺមាន រយៈពេល៥៦ ថ្ងៃ ក្នុងនោះ ករណី គ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ចំនួន៤១៤ លើក បណ្តាលឲ្យមនុស្សស្លាប់ចំនួន ២២៤នាក់ និងរបួស ជាង៧០០ នាក់ ក្នុងនោះរបួសធ្ងន់មាន ចំនួនជាង៤០០ នាក់ ។
ចំណែកយានយន្ត ដែលត្រួតពិនិត្យ និង ផាកពិន័យមមានចំនួន ជាង៧ម៉ឺន ៦ពាន់គ្រឿង ដោយក្នុងនោះ ម៉ូតូមានចំនួនជាង ៥ម៉ឺន ៦ពាន់គ្រឿង និង រថយន្តមានចំនួនជាង ២ម៉ឺនគ្រឿង ៕EB