ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា បានអះអាងថា សម្តេចមិនដែលប្រកាសបិទ សេដ្ឋកិច្ច មិនឲ្យប្រជាពលរដ្ឋប្រកបរបររកស៊ីប្រចាំថ្ងៃ សូម្បីតែមួយដងណាឡើយ។

ក្នុងពិធីប្រកាសជាផ្លូវការ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋមានជីវភាពក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលជំងឺកូវីដ១៩ ប្រមាណ៦០ម៉ឺនគ្រួសារ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានថ្លែងថា អ្នកបាត់បង់ការងារធ្វើ នៅតាមសហគ្រាស ធុនតូចនិងមធ្យម កាលពីពេលថ្មីៗនេះ បានវិលត្រឡប់ចូលធ្វើការ ជាធម្មតាវិញហើយ គ្មានបញ្ហាអ្វីឡើយ។

សម្ដេចនាយករដ្ឋមន្រ្តីបន្តថា «តាមរយៈសកម្មភាពសិប្បកម្ម តាមរយៈស្ថានភាពភោជនីយដ្ឋាន ការលក់ដូរ ស្អីៗ គឺនៅបន្ត។ខ្ញុំមិនដែលប្រកាសបិទសេដ្ឋកិច្ច ម្ដងណាទេ។មានការរឹតបន្តឹង ទៅលើបញ្ហាទាក់ទិន នឹងវិស័យអប់រំដែលប្រមូលផ្ដុំដោយកុមារដែល យើងមានការបារម្ភ មានការបិទនៅកន្លែងហាត់ប្រាណ បិទនៅខារ៉ាអូខេ ឬក៏ស្អីៗនោះ។ចំណុចអស់ទាំងនេះ ប៉ុន្តែយើងមិនដែលប្រកាសបិទរោងចក្រ យើងក៏មិនដែល ប្រកាសបិទទីផ្សារនោះទេ»។

សម្ដេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានបោះទុន ១០០លានដុល្លារ នៅតាមទីជនបទ ដើម្បីជួយដល់ពលរដ្ឋគ្មានការងារធ្វើ។សម្ដេចបន្ថែមទៀតថា បណ្ដាគម្រោង មួយចំនួនដែលកម្ពុជាកំពុងសាងសងផ្លូវ ដោយក្រុម ហ៊ុននានា ជាពិសេសក្រុមហ៊ុនរបស់ចិន កំពុងដំណើរការជាធម្មតា មិនមានការបញ្ឈប់នោះទេ។ ដូច្នេះពលរដ្ឋខ្មែរ នៅតែមានការងារធ្វើ ជាធម្មតា ដដែល៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ