ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា ការរីករាលដាល់នៃជំងឺកូវីដ-១៩ មិនអាចសម្លាប់ រាជរដ្ឋាភិបាលលកម្ពុជាបានឡើយ ព្រោះរាជរដ្ឋាភិបាល មានទុនបម្រុងគ្រប់ពេលវេលា។
សម្ដេចតេជោ ហ៊ុន សែន អះអាងបែបនេះ ក្នុងឱកាសចុះពិនិត្យមើលការដ្ឋានសាងសង់ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០។
ក្រោយពីមានក្រុមប្រឆាំងនៅក្រៅប្រទេស តែងតែវាយប្រហាររាជរដ្ឋាភិបាលថា កម្ពុជានឹងជួបវិបត្តិសេដ្ឋកិច្ចដោយសារជំងឺកូវីដ-១៩ នោះ សម្ដេចតេជោ បានឆ្លើយតបទៅពួកក្រុមប្រឆាំងវិញថា កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល និងសេដ្ឋកិច្ចជាតិបានឡើយ ព្រោះសម្ដេច មានវិធានការគ្រប់ពេលវេលា។
សម្ដេចតេជោ លើកឡើងថា «កូវីដ-១៩ មិនអាចសម្លាប់រាជរដ្ឋាភិបាល ហ៊ុន សែន បានទេ។ ឥឡូវនេះ មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ ទទួលកាឡើងបៀវត្ស។បើទោះបីមកដល់ ខែមសារ ត្រូវឡើងបៀវត្សមួយដំណាក់ទៀត ពេលនោះ កូវីដ-១៩ កំពុងវាយប្រហារ ចំណូលធ្លាក់ចុះ ក៏ប៉ុន្ដែរាជរដ្ឋាភិបាល នៅតែមានសមត្ថភាពដើម្បីនឹងដំឡើងបៀវត្ស ហើយបន្ដបើកបៀវត្ស ក្នុងមួយខែពីរដង»។
សម្ដេចតេជោ ផ្ដាំផ្ញើទៅក្រុមប្រឆាំងថា បើអ្នកឯងចាំយកជោគជ័យថា រាជរដ្ឋាភិបាលដួល អ្នកឯងច្បាស់ជាវង់វែងទិសដៅរហូត។សម្ដេចថា ផ្នែកគយ អាចប្រមូលបានប្រមាណជា២ពាន់ លានដុល្លារឬលើស ២ពាន់លានដុល្លារ៕EB