សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា រយៈពេល៥៣ឆ្នាំ តាំងពីបង្កើតអាស៊ាន នេះជាលើក ទី១ ហើយដែលអាស៊ានបានរៀបចំកិច្ចប្រជុំកំពូលប្រចាំឆ្នាំ តាមប្រព័ន្ធវីដេអូ។ កិច្ចប្រជុំដែលមិនធ្លាប់មាន បានបង្ហាញយ៉ាង ច្បាស់នូវការប្តេជ្ញាចិត្ត របស់ថ្នាក់ដឹកនៃកំពូលរបស់អាស៊ាន ក៏ដូចជាភាពធន់ នឹងវិបត្តិ និងការសម្របខ្លួនរបស់អាស៊ាន និងពង្រឹងសាមគ្គីភាព ក្រោមក្របខ័ណ្ធពហុភាគី ខណៈដែលវិបត្តិសាកលមួយនេះ បាននឹងកំពុងបង្កផលប៉ះពាល់អវិជ្ជមាន។
សូមបញ្ជាក់ថា នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ក្រោមមូលបទ «ភាពស្អិតរមួត និងការឆ្លើយតប» ដែលធ្វើឡើងតាមរយៈប្រព័ន្ធវីដេអូ នៅវិមានសន្តិភាព។
កិច្ចប្រជុំនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីវៀតណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦នេះ ថ្នាក់ដឹកនាំនឹងផ្តោតការយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ាន ក្នុងការដោះស្រាយជំងឺរាតត្បាតជាសកលកូវីដ-១៩ និងការលើកកម្ពស់ការស្តារសេដ្ឋកិច្ច-សង្គមក្រោយជំងឺកូវីដ-១៩។ កិច្ចប្រជុំក៏នឹងពិភាក្សាលើវិធី និងមធ្យោបាយនានា ដើម្បីសម្រេចបាននូវចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងទំនាក់ទំនងរបស់អាស៊ានជាមួយដៃគូខាងក្រៅ និងសហគមន៍ពិភពលោកផងដែរ៕