សម្ដេចតេជោ នឹងចាត់វិធានការក្តៅចំពោះអាជ្ញាធរ បើរកឃើញភាពមិនប្រក្រតី លើការឧបត្ថម្ភសាច់ប្រាក់ជូនអ្នកក្រីក្រ
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នឹងចាត់វិធានការក្តៅ ដោយគ្មានការលើកលែងនោះឡើយ ប្រសិនបើរកឃើញភាពមិនប្រក្រតី លើការអនុវត្តន៍កម្មវិធី «ឧបត្ថម្ភសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយសារជំងឺ កូវីដ-១៩»ជាពិសេស ការឃុបឃិតគ្នាដាក់សាច់ញាតិខ្លួន ដើម្បីទទួលបានប្រាក់ឧបត្ថម្ភ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ ២០២០ កាលពីពេលថ្មីៗកន្លងមកនេះ សម្ដេចតេជោ បានប្រកាសដាក់ឲ្យប្រើជាផ្លូវការ នូវ កម្មវិធី «ផ្តល់សាច់ប្រាក់ជូនប្រជាពលរដ្ឋ ដែលមានជីវភាពក្រីក្រ និងងាយរងគ្រោះដោយសារ ផលប៉ះពាល់នៃជំងឺ កូវីដ-១៩»។
សម្ដេចតេជោ បន្ដថាដើម្បីធានាថាប្រជាពលរដ្ឋក្រីក្រ ដែលកំពុងជួបបញ្ហាលំបាកពិតប្រាកដទទួលបាននូវជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាល គឺការងារធ្វើបច្ចុប្បន្នភាពគ្រួសារក្រីក្រ និងជនងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះមានសារៈសំខាន់ខ្លាំងណាស់។
សម្ដេចតេជោ បន្ថែមថាការងារនេះគឺត្រូវពឹងផ្អែកស្ទើរតែទាំងស្រុងលើអាជ្ញាធរមូលដ្ឋាន គឺមេភូមិ និងក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលត្រូវតែធ្វើអោយបានច្បាសលាស់ និងហ្មត់ចត់បំផុត ។ដូច្នេះដើម្បីធានាឲ្យបាននូវតម្លាភាព និងសុច្ចរិតភាពក្នុងការផ្តល់សេវាសម្រាប់ កម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ។
សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «ខ្ញុំសូមចេញបទបញ្ជាយ៉ាង ម៉ឺងម៉ាត់ដល់អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ពិសេសចំពោះអ្នកអនុវត្តផ្ទាល់នៅតាម ឃុំ- សង្កាត់ ទាំងអស់គឺត្រូវផ្តោតការយកចិត្តទុកដាក់បំពេញការងារនេះឲ្យបានត្រឹមត្រូវ និងខ្ជាប់ខ្ជួនបំផុត គឺត្រូវចៀសវាងដាច់ខាតនូវការឃុំឃិតគ្នាដាក់បញ្ចូលសាច់ញាត្តិបងប្អូនកូនក្មួយខ្លួនឯងដែលមិនមែនជាគ្រួសារក្រីក្រនឹងងាយរងគ្រោះពិតប្រាកដដើម្បីទទួលបាននូវប្រាក់ឧបត្ថម្ភនេះ»។
សម្ដេចតេជោ បន្ដថា «ខ្ញុំនឹងចាត់វិធានការណ៍ក្តៅហើយ នឹងមិនមានការលើកលែងឡើយ ប្រសិនបើរកឃើញថានៅក្នុង ភូមិ និង ឃុំ-សង្កាត់ មួយណាមាន ករណីមិនប្រក្រតីនេះ កើតមានឡើង»៕