អង្គការសម្ព័ន្ធមិត្តសត្វព្រៃ និងរដ្ឋបាលព្រៃឈើ ក្រោមកិច្ចសហការពី អាជ្ញាធរជាតិអប្សរា បានលែងទោចម្កុដមួយគូ ឱ្យមានសេរីភាពរស់នៅតាមបែបធម្មជាតិនៅ ក្នុងព្រៃម្តុំខ្លោងទ្វារតាកាវ នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២០ ក្រោយបន្សាំក្នុងទ្រុង អស់រយៈពេលមួយឆ្នាំកន្លះ។

លោក និច ម៉ាក នាយកសង្គ្រោះសត្វព្រៃនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃបានឱ្យដឹងថា នេះជាទោចម្កុដគូទី៣ហើយដែលក្រុមការងារបានលែងនៅក្នុងព្រៃឧទ្យានអង្គរ។ យើងមានទោចម្កុដប្រហែល ៧០ក្បាលនៅភ្នំតាម៉ៅ តែមិនអាចដោះលែងបានទាំងអស់ទេ ព្រោះវាមិនមាន លក្ខខណ្ឌសុវត្ថិភាពគ្រប់គ្រាន់។លោក និច ម៉ាក ក៏បានលើកឡើងដែរថា ការជ្រើសយកព្រៃក្នុងឧទ្យានអង្គរ ដើម្បីលែងសត្វទោចម្កុដ ព្រោះព្រៃអង្គរមានសុវត្ថិភាព មានព្រៃល្អស្អាត មានអាហារគ្រប់គ្រាន់ និងធម្មជាតិឱ្យកាន់តែល្អប្រសើរក្នុងការទាក់ទាញទេសចរ។

មកដល់ពេលនេះ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ រដ្ឋបាលព្រៃឈើ និងអាជ្ញាធរជាតិអប្សរា បានលែងសត្វទោចម្កុដបានចំនួន៣ទីតាំងហើយ គឺនៅប្រាសាទតានៃ១គូ មានកូន៣ ខ្លោងទ្វារខ្មោច១គូ មានកូន២ និងគូទី៣ នៅខ្លោងទ្វារតាកាវ ហើយគ្រោងនឹងដាក់គូទី៤ គឺនៅបឹងសន្ធមា។ បន្ថែមពីនោះ ក៏មានលែងសត្វឈ្លូស៤ក្បាល ស្វាព្រហ្មណ៍១២ក្បាល សំពោចក្រអូប៥ក្បាល និងភេខ្លួនរលោង៥ក្បាល បច្ចុប្បន្នភេបង្កើតបានកូន ២ហើយ។ ជាគោលដៅទៅអនាគត អង្គការសម្ព័ន្ធមិត្តសត្វព្រៃនិងរដ្ឋបាលព្រៃឈើ ក៏មានបំណង នឹងយកសត្វប្រើស សត្វក្ងោក និងសត្វកេងកងមកលែងនៅក្នុងឧទ្យានអង្គរបន្ថែមទៀតដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ