ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជន កម្ពុជា បានឲ្យដឹងថា ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជន ប្រកាន់ខ្ជាប់ជានិច្ចនូវ គោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយ ប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០ ២០ បានសរសេរថា អបអរសាទរ ថ្ងៃកំណើត គណបក្សប្រជាជនកម្ពុជា ខួបលើកទី៦៩។ សម្ដេចថា ថ្ងៃនេះគឺជាថ្ងៃខួបទីលើកទី៦៩ នៃថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា ១៩៩៥១-២៨មិថុនា ២០២០)។

សម្ដេចតេជោ មានប្រសាសន៍ថា «ចាប់តាំងពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាងប្រជាជន ផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរួញរា ដើម្បីកម្ពុជាមានឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាព សង្គម»។

សម្ដេចតេជោ បន្ដថា កម្ពុជាបានប្រែក្លាយ ពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិ នៃសង្គ្រាមដ៏រ៉ាំរ៉ៃ ពីការបែកបាក់ជាតិ និងគំនរផះផង់ ទៅជាទឹកដីសន្តិភាព ឯកភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិឌ្ឍន៍លើគ្រប់វិស័យ ។ 

សម្ដេចតេជោ បន្ថែមថា គណបក្សប្រជាជនកម្ពុជា បានអនុវត្តដោយជោគជ័យនូវដំណើរ ការសន្ដិភាវូបនីយកម្មប្រទេសជាតិ តាមរយៈគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានបញ្ចប់ ទាំងស្រុងនូវសង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្ដិភាពពេញលេញ នៅទូទាំងប្រទេសជាលើក ដំបូងចាប់ពីចុង ឆ្នាំ១៩៩៨ មក។ 

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន លើកឡើងថា គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់ នូវប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឲ្យមានកំណើនខ្ពស់ ប្រកបដោយ ចីរភាព ផ្សាភ្ជាប់នឹងការបែងចែកធនធានប្រកបដោយសមធម៌ និងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ