ភ្នំពេញ  ៖ លោក ម៉ម ប៊ុនហេង  រដ្ឋមន្ត្រីក្រសួងសុខាភិបាល  បានស្នេីឲ្យប្រជាពលរដ្ឋកែប្រែទម្លាប់ចាស់ ហើយត្រូវរៀន«រស់នៅតាមបែបគន្លងថ្មី» វិញដើម្បីទប់ស្កាត់រលកទី២នៃកូវីដ-១៩។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល  នៅថ្ងៃទី២១  ខែមិថុនា ឆ្នាំ ២០២០ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា  ពលរដ្ឋទាំងអស់ មិនត្រូវភ្លេចកិច្ចការពារខ្លួន ពីការចម្លងជំងឺកាចសាហាវនេះ។ ខណៈ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោកកំពុងបន្តរាតត្បាតខ្លាំងក្លានៅឡើយ។

លោកថា "បុគ្គលគ្រប់រូបត្រូវរៀនសម្របខ្លួនរស់នៅរបស់ខ្លួនតាមបែបដែលហៅថា ការរស់នៅធម្មតាតាមបែបគន្លងថ្មី ដោយប្រកាន់យកការបន្តអនុវត្តន៍វិធានការការពារការចម្លងវីរុសកូវីដ១៩នេះឱ្យបានខ្ជាប់ខ្ជួន ជាមួយនឹងការប្រុងប្រយ័ត្ននូវរលកទី២នៃការចម្លងវីរុសដ៏កាចសាហាវនេះ ដែលអាចកើតឡើងគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង"។

 លោកក្រើនរំឭកពលរដ្ឋបន្តរក្សាអនាម័យ ដោយលាងដៃជាមួយសាប៊ូ ឬទឹកអាល់កុល ឬជែលឱ្យបានញឹកញាប់។ មិនតែប៉ុណ្ណោះ ពលរដ្ឋត្រូវពាក់ម៉ាស់ ឬប្រើក្រមា កន្សែង រួមទាំងក្រដាសជូតមាត់ ដោយខ្ទប់មាត់ និងច្រមុះ នៅពេលក្អកកណ្ដាស់។ ជាពិសេសអនុវត្តន៍គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឱ្យបានលើសពីមួយម៉ែត្រ កន្លះឡើងជាដើម។

សូមរំលឹកថា គិតត្រឹម ថ្ងៃទី២១ មិថុនានេះនៅកម្ពុជាមានជំងឺកូវីដ-១៩  ចំនួន១២៩នាក់ ក្នុងនោះជាសះស្បើយ ចំនួន១២៧នាក់  និងកំពុងសម្រាកព្យាបាលជំងឺ នៅ២នាក់៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ