រាជរដ្ឋាភិបាលកម្ពុជា បន្ថយពន្ធកាត់ទុកដល់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលខ្ចីប្រាក់ក្នុងស្រុក និងពីបរទេស
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានសម្រេចបន្ធូបន្ថយ ពន្ធកាត់ទុកដល់គ្រឹះស្ថានហិរញ្ញវត្ថុ និងធនាគារដែលបានខ្ចីប្រាក់ ក្នុងស្រុក និងពីបរទេស សំដៅជួយដល់ការបង់ប្រាក់របស់ប្រជាពលរដ្ឋ និងសហគ្រាស ដែលបានកំពុងខ្ចីក្នុងរងផល ប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩។
យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយនាពេលថ្មីៗនេះថា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា ប្រកាសនេះ មានគោលបំណងជួយសម្រាលបន្ទុកចំណាយលើកការប្រាក់ចំពោះ និងមីក្រូហិរ ញ្ញវត្ថុ ក៏ដូចជា ផ្ដល់លទ្ធភាពឲ្យធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុជួយសម្រួលដល់ការបង់ ប្រាក់របស់ប្រជាពលរដ្ឋ និងសហគ្រាសបាននិងកំពុងខ្ចីប្រាក់ពីធនាគារ និងស្ថាប័នមីក្រូហិរញ្ញ វត្ថុ ដែលកំពុងរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺ កូវីដ-១៩។
លោកបន្ដថា ប្រកាសនេះ មានវិសាលភាពអនុវត្តចំពោះធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិក្នុងវិស័យធនគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។
លោកបន្ថែមថា ធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុ ដែលបានខ្ចីប្រាក់ក្នុងស្រុក ឬពីបរទេសសម្រាប់កម្ចីថ្មី ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន៥ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជន សម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០។ ជាមួយគ្នានេះ ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន១០ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន និងអ្នកជាប់ពន្ធអនិវាសនជនសម្រាប់ឆ្នាំ២០២១។ សម្រាប់ឆ្នាំ២០២២តទៅ គឺអនុវត្តការកាត់ទុកប្រាក់ពន្ធតាមអាត្រាធម្មតា។
ដោយឡែក សម្រាប់កម្ចីចាស់ ត្រូវអនុវត្តការកាត់ទុកប្រាក់ពន្ធចំនួន១០ភាគរយ ពីការប្រាក់ដែលបានទូទាត់ទៅឱ្យអ្នកជាប់ពន្ធនិវាសន និងអ្នកជាប់ពន្ធអនិវាសនជន សម្រាប់រយៈពេលជាប់ពន្ធពីខែមេសា ដល់ខែធ្នូ ឆ្នាំ២០២០ ហើយនឹងចាប់ផ្តើមអនុវត្តធម្មតាវិញនៅឆ្នាំ២០២១៕EB