ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា ការលើកកម្ពស់ តួនាទីរបស់ស្ត្រីនៅក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវ បានចាត់ទុកថា ជាកាលានុវត្តភាព និងកាតាលីករថ្មីមួយ សម្រាប់ពន្លឿនការសម្រេចបាន នូវសមភាពយេនឌ័រ និងការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន។

ក្នុងប្រជុំពិសេសរបស់ថ្នាក់ដឹកនាំអាស៊ាន នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៦ ស្តីពីការលើកកម្ពស់តួនាទីស្ត្រី ក្នុងយុគសម័យឌីជីថល តាមរយៈប្រព័ន្ធវីដេអូ  នារសៀលថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ២០២០ នៅវិមានសន្តិភាព សម្ដេចតេជោ ហ៊ុន សែន គូសបញ្ជាក់ថា ក្នុងបរិការណ៍បច្ចុប្បន្នការសិក្សាស្រាវជ្រាវបានបង្ហាញថា ជំងឺកូវីដ-១៩បានបង្កផលប៉ះពាល់អវិជ្ជមាន លើស្ត្រីច្រើនជាងបុរសទាំងក្នុងវិស័យសេដ្ឋកិច្ចនិងសង្គម។

សម្ដេចតេជោ បន្ថែមថា ជាពិសេសស្ត្រីនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដែលកំពុងរងផលប៉ះ ពាល់យ៉ាងធ្ងន់ធ្ងរ ដោយសារស្ត្រីភាគច្រើន មានការងារនៅក្នុងវិស័យសេវាកម្ម និងវិស័យ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ហើយអាចមិនបានទទួលនូវការឧបត្ថម្ភពីកម្មវិធីគាំពារសង្គម ដែលជាធម្មតាគ្របដណ្ដប់លើកម្មករនិយោជិត សម្រាប់សេដ្ឋកិច្ចក្នុងប្រព័ន្ធ។

សម្ដចតេជោ មានប្រសាសន៍ថា «យ៉ាងណាក៏ដោយ ការលើកកម្ពស់តួនាទីរបស់ស្ត្រី នៅក្នុង ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ត្រូវបានចាត់ទុកថាជាកាលានុវត្តភាព និងកាតាលីករថ្មីមួយសម្រាប់ពន្លឿនការសម្រេច បាននូវសមភាពយេនឌ័រ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយបរិយាប័ន្ន»។

ជាងនេះទៅទៀត សម្ដេចតេជោ ហ៊ុន សែន បានអះអាងថាការចូលរួមចំណែករបស់ស្រី្ដ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច គឺនៅមានសក្តានុពលច្រើន។ ហេតុនេះ រដ្ឋាភិបាល ប្រទេសសមាជិកអាស៊ាននិងភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជន ត្រូវរួមគ្នាបង្កើតបរិយាកាស មួយអំណោយផល ដែលអាចឱ្យស្ត្រីមានភាពងាយស្រួលក្នុងការចាប់យកកាលានុវត្តភាពនិងសក្តានុពលថ្មីទាំងនេះ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ