ក្រោយថៃប្រកាសថា មិនបញ្ចូលប្រភេទវិញ្ញាសារគុនខ្មែរ ក្នុងស៊ីហ្គេមលើកទី៣៣ លោក វ៉ាត់ ចំរើន ថា ជាសិទ្ធរបស់ថៃ ព្រោះថៃជាម្ចាស់ផ្ទះ
(ភ្នំពេញ)៖ក្រោយពីអនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ប្រកាសថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ ឆ្នាំ២០២៥ ហើយ នឹងបញ្ជូលវិញ្ញាសា «មួយថៃ» មកវិញ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា យល់ថា វាជាសិទ្ធរបស់ថៃដោយសារតែគេជាម្ចាស់ផ្ទះ ដូចគ្នាទៅនឹងកម្ពុជា ដែលមិនបានដាក់វិញ្ញាសារមួយថៃនៅក្នុងស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងទៅផងដែរ ។
ថ្លែងប្រាប់អង្គភាពសារព័ត៌មានNP នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ លោក វ៉ាត់ ចំរើន បានបញ្ជាក់បន្ថែមថា តាមពិត កម្ពុជា បានទទួលជោគជ័យរួចទៅហើយក្នុងកីឡាស៊ីហ្គេមលើកទី៣២ ខែខ្លួនធ្វើជាម្ចាស់ផ្ទះ ហើយបានដាក់កីឡាគុនខ្មែរ ចូលក្នុងធម្មនុញ្ញរបស់ស៊ីហ្គេមថែមទៀតផង ។
គួរបញ្ជាក់ថា អនុប្រធានគណៈកម្មាធិការជាតិអូឡាំពិកថៃ ជានាយកប្រតិបត្តិសហព័ន្ធកីឡាស៊ីហ្គេម លោកChayaphak Siriwat បានបញ្ជាក់ថា វិញ្ញាសា«គុនខ្មែរ» នឹងមិនមាន ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣នោះទេ ដោយម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៥នេះ នឹងបញ្ជូលវិញ្ញាសា «មួយថៃ» មកវិញ។ នេះយោងតាមសារព័ត៌មានថៃ Thairath News ចេញផ្សាយថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣។
លោកChayaphak Siriwat បានបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣៣ នឹងមានកីឡាប្រពៃណីត្រឹមតែ៤ប៉ុណ្ណោះ ហើយប្រភេទនីមួយៗត្រូវប្រកួតមិនលើសពីមេដាយមាស៨ឡើយ ហើយក៏នឹងមានការរឹតបណ្តឹងចំពោះអត្តពលិកចូលសញ្ជាតិដែលមកប្រកួតផងដែរ៕
អត្ថបទទាក់ទង
-
ព្រឹត្តិការណ៍កីឡាអូឡាំពិកទីក្រុងតូក្យូ