ក្រសួងបរិស្ថាន ៖ នៅកម្ពុជា សត្វក្រៀល ត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឲ្យផុតពូជ
4 ឆ្នាំ មុន
ភ្នំពេញ ៖ ក្រសួងបរិស្ថាន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ បានឲ្យដឹងថា នៅប្រទេសកម្ពុជា សត្វក្រៀលឬហៅថា កុកទេព ត្រូវបានការពារអភិរក្សយ៉ាងយកចិត្តទុកដាក់ ដើម្បីកុំឲ្យផុតពូជ។
យោងតាមគេហទំព័រហ្វេសប៊ុករបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា សត្វក្រៀល ឬហៅថា កុកទេព ជាសត្វស្លាបមួយប្រភេទ សម្បុរប្រផេះចំពុះវែង ,កវែង, ក្បាលត្រងោលជើងវែង, ខ្ពស់ជង្រ្គោងៗ និងមានសម្រែកឮខ្លាំង។ សត្វក្រៀលគឺសត្វដ៏កម្រមួយនៅលើពិភពលោក។
សត្វក្រៀល ចូលចិត្តរស់នៅ និងធ្វើសំបុកពងកូននៅលើវាលស្មៅ ដែលជាតំបន់ដីសើមនិងចូលចិត្តចឹកស៊ីមើមរុក្ខជាតិ និងស្លឹករុក្ខជាតិខ្ចីៗ ដែលដុះនៅតាមវាលស្មៅក្នុងតំបន់ដីសើម។
នៅរដូវប្រាំងវារកស៊ីជាហ្វូង ឯរដូវវស្សាវាបន្តពូជតែឯកឯង។ សត្វក្រៀល មានការហោះហើរខ្ពស់ជាង គេបំផុតនៅក្នុងពិភពលោក។ សត្វក្រៀលពេញវ័យមានកម្ពស់ ១៧៦ សង់ទីម៉ែត្រ និងមានទម្ងន់រហូតដល់ជាង ៦ គីឡូក្រាម៕EB