កម្ពុជា ស្នើឲ្យសមាជិកអាស៊ាន រួមគ្នាប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ហើយមិនមែនជាពេល សម្រាប់ចោទប្រកាន់គ្នាឡើយ
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឲ្យសមាជិកអាស៊ាន ត្រូវរួមគ្នា ប្រយុទ្ធទៅនឹងជំងឺ កូវីដ-១៩ ហើយមិនមែនជាពេលសម្រាប់ចោទប្រកាន់គ្នា រើស អើង ឬបែងចែក សម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀបវារៈនយោបាយណាមួយនោះឡើយ។
ក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៣៦ តាមរយៈប្រព័ន្ធវិដេអូ ក្រោមមូលបទ « ភាពស្អិតរមួត និងការឆ្លើយតប » នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា ការរាតត្បាតនៃជំងឺ កូវីដ១៩ នាំមកនូវបញ្ហាប្រឈមមួយចំនួន ដែលមិនធ្លាប់មានពីមុនមក ដូចជា បញ្ហាសុវត្ថិភាពសុខភាពសាធារណៈ ការបង្អាក់ការប្រមូលផ្តុំ និងដំណើរការនៃសង្វាក់ ផ្គត់ផ្គង់ សកលលោក ជាដើម។
សម្ដេចតេជោ មានប្រសាសន៍ថា «ក្នុងបរិការណ៍នេះ ការឆ្លើយតបរួម និងសាមគ្គីភាពជា សកល លើមូលដ្ឋានពហុភាគីនិយម ជាពិសេសក្រោមក្របខ័ណ្ឌអង្គការសហប្រជាជាតិ ពិតជាមានភាពចាំបាច់មិនអាចខ្វះបាន។ជាការពិតណាស់ កាលៈទេសៈនេះ មិនមែនជា ពេលសម្រាប់យើងចោទប្រកាន់គ្នា រើសអើង ឬបែងចែកសម្ព័ន្ធមិត្តគ្នា ដោយផ្អែកលើរបៀប វារៈនយោបាយណាមួយនោះឡើយ»។
សម្ដេចតេជោ បន្ដថា ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាង ពេញទំហឹងចំពោះអាណត្តិធម្មនុញ្ញរបស់ អង្គការសុខភាពពិភពលោក (WHO) ដែលកំពុងដើរតួនាទីស្នូល ក្នុងការដឹកនាំប្រយុទ្ធប្រឆាំង ជាសកល នឹងជំងឺរាតត្បាតនេះ។ ទន្ទឹមនឹងការរង់ចាំភាពជោគជ័យដំបូងបំផុត នៃការផលិត វ៉ាក់សាំង កម្ពុជាអំពាវនាវឲ្យចាត់ទុកវ៉ាក់សាំងនេះ ជាទំនិញរួមសម្រាប់សកលលោក (Global common goods) ដែលប្រជាជនគ្រប់រូបក្នុងសកល-លោក អាចទទួលបាន។
សម្ដេចតេជោ បន្ថែមថា ក្នុងកម្រិតកំបន់ទាំងអស់គ្នាពិតជាមានមោទនភាព ដែលអាស៊ានទទួ លបានជោគជ័យប្រៀបធៀបនឹងតំបន់ផ្សេងៗទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ កូវីដ-១៩នេះ។សម្ដេចរំលឹកថា ក្នុងខែមេសា កន្លងទៅ កម្ពុជាបានរៀបកិច្ចប្រជុំពិសេស ស្ដីពី បញ្ហានេះ តាមប្រព័ន្ធវិដេអូ ព្រមទាំង បានឯកភាពលើវិធានការជាក់ស្ដែងមួយចំនួន ដើម្បី កាត់បន្ថយផលប៉ះពាល់ពីការរីករាលដាលនៃជំងឺ កូវីដ-១៩។
បន្ថែមពីនេះ នាយករដ្ឋមន្ដ្រីកម្ពុជា លើកឡើងថា ជាទិសដៅទៅមុខ អាស៊ានពិតជាមានភាព ចាំបាច់ជាយុទ្ធសាស្ដ្រ ក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ ក្រោយអំឡុងពេលវិបត្តិ កូវីដ-១៩។ដើម្បីសម្រេចបាននូវគោលដៅនេះ អាស៊ានគួរបង្កើតផែនការស្ការឡើងវិញមួយ ប្រកប ដោយភាពជាក់លាក់ និងប្រុងប្រយ័ត្ន តាមរយៈការដាក់ចេញនូវសេណារីយ៉ូមួយចំនួន សម្រាប់បើកឲ្យដំណើរការជាបណ្ដើរៗ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែន និងប្រតិបត្តិកា រពាណិជ្ជកម្ម រវាងប្រទេសក្នុងតំបន់ និងការស្ការឡើងវិញនូវវិស័យដែលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីវិបត្តិ ជំងឺ កូវីដ-១៩៕EB