វាជារឿងមួយដែលគួរឱ្យចែករំលែកសម្រាប់មនុស្សគ្រប់រូបដើម្បីបង្ហាញថា  នារីខ្មែរឬ ជនជាតិខ្មែរពិតជាមានទឹកចិត្ត និងមេត្តាធម៌ណាស់។តាំងពី បានជួបពួកនាងមកខ្ញុំចាប់ផ្ដើមជឿថា មនុស្សល្អដោយស្មោះពិតជាមាន ឯអ្នកធ្វើល្អគង់នឹងបានទទួលផលល្អ។ម៉ោង១រសៀលកាលពីបួនឆ្នាំមុន ខ្ញុំ រៀបនឹងជិះម៉ូតូទៅធ្វើការជិះហួសផ្ទះខ្ញុំបន្តិចមានផ្ទះសំណាក់មួយ ខ្ញុំបាន ឃើញជនបរទេសម្នាក់អង្គុយលើសាក់កាដូក្បែររបងផ្ទះ សំណាក់នោះ ។ ដៃ ជើងគេស្លេកស្លាំងអង្គុយជ្រប់មុខចុះដូចជាមនុស្សអស់សង្ឃឹមក្នុងជីវិត។

ខ្ញុំក៏បានចុះពីម៉ូតូហើយសួរនាំគេ  គេប្រាប់ថាគេជាជនជាតិអាមេរិកគេ មានប្រពន្ធខ្មែរ និងមានកូនជាមួយគ្នាកូនគេអាយុពីរខែហើយតែប្រពន្ធ របស់គេក្បត់ចិត្តគេហើយដេញគេចេញពីផ្ទះនិងយកទ្រព្យសម្បត្តិដែលគេខំ រកទាំងប៉ុន្មានពីគេអស់ ។ គេមានប្រាក់បន្តិចបន្តួចជាប់ខ្លួន ហើយបាន ទៅស្នាក់នៅផ្ទះសំណាក់ដែលនៅជិតផ្ទះខ្ញុំ។

មូលហេតុដែលគេអង្គុយយ៉ាងកម្សត់កៀករបងផ្ទះដូច្នេះ ព្រោះតែគេអស់ លុយសម្រាប់បន្តការស្នាក់នៅទៀតហើយ។ខ្ញុំក៏បានចូលទៅសួរអ្នកមើល ការខុសត្រូវផ្ទះសំណាក់នោះ ហើយគេប្រាប់ថាបុរសនេះគ្មានលិខិតឆ្លងដែន ទេគេឱ្យស្នាក់នៅបីថ្ងៃចាត់ទុកថាសំណាងហើយតែឥឡូវគេអស់លុយគ្មាន អ្នកណាឱ្យគេស្នាក់នៅបន្តទេ។

ខ្ញុំក៏ចេញទៅសួរបុរសនោះវិញគេប្រាប់ថាប្រពន្ធគេគំរាមសម្លាប់គេរត់ចេញ មកជាមួយតែកាតាបខោអាវហើយអត់បាយ៣ថ្ងៃមកហើយ។គេនិយាយ ផងយំផងនិងទន្ទេញថាគេចង់សម្លាប់ខ្លួន ។

ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេណាមួយដល់ម៉ោងធ្វើការផងណាមួយភាសា អង់គ្លេសខ្ញុំមិនសូវពូកែផងខ្ញុំបានត្រឹមតែនិយាយលួងលោមគេនូវពាក្យ ដែលខ្ញុំចេះប៉ុណ្ណោះ ឯផ្លូវក៏ស្ងាត់គ្មានអ្នកដំណើរណាឆ្លងកាត់ទេ ព្រោះជាផ្លូវ លំក្នុងភូមិ។

រំពេចនោះមាននារីពីរនាក់ទំនងជាកម្មការិនីរោងចក្រ ព្រោះមានពាក់ កាតនិងកន្សែងជិះម៉ូតូមកឈប់ក្បែរខ្ញុំ ហើយសួរនាំខ្ញុំថាមានរឿងអីខ្ញុំក៏ ប្រាប់តាមដំណើររឿង។ពួកនាងនិយាយមកកាន់ខ្ញុំថា«បង!បងឯងសួរ គាត់មើលថាគាត់ចង់ហូបអី ចាំខ្ញុំទិញឱ្យ!»។ ខ្ញុំក៏តបថា«អីក៏បានដែរទៅ ទិញឱ្យគាត់ឱ្យលឿនម៉ោ!»។បានដូចចិត្ត !នារីពីរនាក់នោះឡើងម៉ូតូទៅវឹង ប្រាំនាទីក្រោយក៏ត្រឡប់មកវិញជាមួយនឹងបាយមួយប្រអប់ទឹកសុទ្ធមួយ ដបនិងកូកាមួយកំប៉ុង។

បុរសជនជាតិអាមេរិកនោះ ទទួលយកវាមកហូបដោយត្រេកអរពន់ពេក ។ បន្ទាប់ពីបរិភោគហើយនារីពីរនាក់នោះក៏សួរមកខ្ញុំទៀត«បង!ធ្វើម៉េច ទើបជួយគាត់បាន?»។ភ្លាមៗខ្ញុំក៏នឹកមិនឃើញដែរតែបន្តិចក្រោយមកក៏ នឹកឃើញដល់ទូតអាមេរិកបើនាំគេទៅទីនោះគេនឹងរួចផុតទុក្ខព្រោះខាង ស្ថានទូត មិនឱ្យជនជាតិរបស់គេរងទុក្ខនោះទេ។

បន្ទាប់មក ខ្ញុំក៏ហៅ រ៉ឺម៉កកង់បី ឱ្យជូនបុរសនោះ ទៅទូតអាមេរិកឯនារីពីរ នាក់នោះក៏យកម៉ូតូទៅផ្ញើផ្ទះជាងកាត់ដេរម្នាក់រួចឡើងកង់បីជាមួយបុរស នោះ ដោយធានាថានឹងជួយគេឱ្យចប់ចុងចប់ដើម ហើយពួកនាងប្រាប់ឱ្យ ខ្ញុំទៅធ្វើការចុះ។ ដោយមើលទៅនារីរោងចក្រទាំងពីរ មាននិស្ស័យល្អគួរឱ្យ ទុកចិត្តបានខ្ញុំក៏យល់ព្រមហើយទៅធ្វើការដោយក្នុងចិត្តគិតពីរឿងនេះ មិនព្រមឈប់។

ល្ងាចឡើងពេលត្រឡប់មកពីធ្វើការវិញខ្ញុំក៏បានទៅផ្ទះជាងកាត់ដេរ ដែល នារីពីរនាក់នោះផ្ញើម៉ូតូនិងបានសួរនាំថាតើគេមកពីទូតវិញថ្មើរណា?បើ តាមសម្ដីបងស្រីដែលជាជាងកាត់ដេរ ខ្ញុំបានដឹងថានារីពីរនាក់នោះជា បងប្អូននឹងគ្នាហើយត្រឡប់ពីទូតអាមេរិកវិញ នៅម៉ោងបី។ពេលទៅដល់ ទូតអាមេរិកខាងទូតក៏បានទាក់ទងទៅគ្រួសារបុរសនោះនៅឯទឹកដី អាមេរិក។ ហើយសាច់ញាតិបុរសនោះបានប្រាប់ទៅខាងទូតថាឱ្យយក ប្រាក់៥០០ដុល្លារឱ្យនារីពីរនាក់បងប្អូននោះ ជាការតបគុណដែលនាង បានជួយកូនប្រុសរបស់គេ។

ខ្ញុំដឹងហើយពិតជារំភើបកុំថាឡើយតែសាច់ញាតិរបស់បុរសនោះ សូម្បីតែខ្ញុំ ដែលជាអ្នកដទៃក៏អត់នឹងរំភើបនូវទឹកចិត្តដ៏ល្អរបស់នារីពីរនាក់បងប្អូន នោះមិនបានដែរ។ពួកនាងក្រ ធ្វើការមួយខែមិនដឹងចាយគ្រាន់ឬអត់តែ ស្ទុះស្ទាទៅទិញបាយឱ្យបុរសនោះហ៊ានចេញលុយថ្លៃកង់បី  ដឹកសាសន៍គេ ទៅដល់ស្ថានទូតទាំងខ្លួនឯងអត់ចេះអង់គ្លេសអីមួយម៉ាត់។

នេះជាការចងចាំដ៏ល្អ ហើយមានតម្លៃមួយ។ វាជាអំពើល្អរបស់នារីខ្មែរពីរ នាក់បងប្អូនមានចំពោះអ្នកដទៃដោយមិនរើសអើង ជាតិសាសន៍ហើយវា ក៏ជាគំរូសម្រាប់ខ្ញុំ ដែរ។ រាល់ពេលដែលខ្ញុំបានធ្វើអំពើល្អ ចំពោះអ្នកណា ម្នាក់ ខ្ញុំតែងតែនឹកឃើញដល់នារីពីរនាក់បងប្អូននោះជានិច្ច៕នេះជារឿង ពិតរបស់បងប្អូនខ្មែរយើងម្នាក់ដែលបានចែកចាយរឿងរ៉ាវធ្លាប់ជួបប្រទះ ចែកជូនប្រិយមិត្តអ្នកអានទុកជាការពិចារណា៕ RR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ