ភ្នំពេញ ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនជនត្រូវចោទដែលជាអតីតឧកញ៉ា ស្រី ស៊ីណា បណ្ដោះអាសន្ន នៅមណ្ឌលអប់រំកែប្រែទី១ (ពន្ធនាគារព្រៃស)។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់អយ្យការ និងសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមិថុនា។

សេចក្ដីប្រកាសព័ត៌មាននេះ បានបញ្ជាក់ថា ករណីឃាតកម្មដែលបង្កដោយជនត្រូវចោទឈ្មោះ ស្រី ស៊ីណា ទៅលើជនរងគ្រោះឈ្មោះ ឡុង លីសុង និងនារីជាគូដណ្ដឹងឈ្មោះ ឃីន កញ្ចនា ត្រូវបានសន្និដ្ឋានថា អំពើនេះជាអំពើឃាតកម្ម ដោយពុំមានធាតុផ្សំជាអំពើឃាតកម្មគិតទុកជាមុនតាមការកំណត់នៃច្បាប់នោះទេ ព្រោះថា នៅមុនពេលមានការបាញ់ប្រហារទៅលើជនរងគ្រោះ គឺមានការជជែកឈ្មោះប្រកែកគ្នាជាមុនរវាងជនល្មើសនិងជនរងគ្រោះ ទើបឈានដល់ការបាញ់សម្លាប់ជនរងគ្រោះភ្លាមៗ ដោយពុំមានភស្ដុតាងនៃការរៀបចំផែនការសម្លាប់មនុស្សតាមមាត្រ ២០០ នៃក្រមព្រហ្មទណ្ឌឡើយ។

សេចក្ដីប្រកាសព័ត៌មាន ដដែល បានបន្តថា ដោយពិនិត្យឃើញព្យសនកម្មទៅលើជនរងគ្រោះដែលស្លាប់២នាក់ និងរបួស២នាក់ទៀត តំណាងអយ្យការបានចោទប្រកាន់ករណីនេះជា២សំណុំរឿង៖

* សំណុំរឿងទី១ (ជនរងគ្រោះដែលបានស្លាប់២នាក់) បានចោទប្រកាស់ឈ្មោះ ស្រី ស៊ីណា ពីបទឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។

* សំណុំរឿងទី២ (ជនរងគ្រោះដែលរបួស២នាក់) បានចោទប្រកាន់លើជនត្រូវចោទពីបទប៉ុនប៉ងឃាតកម្ម និងប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ដែលទណ្ឌកម្មក្នុងសំណុំរឿងនេះ ជនត្រូវចោទប្រឈមនឹងការផ្តន្ទាទោសរហូតដល់១៥ឆ្នាំ។

ក្រោយទទួលបានសំណុំរឿងទាំង២ខាងលើនេះហើយ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនជនត្រូវចោទ ស្រី ស៊ីណា ជាបណ្ដោះអាសន្នតាមនីតិវិធីច្បាប់ជាធរមាន។ ចៅក្រមស៊ើបសួរនឹងស្រាវជ្រាវឱ្យបានស៊ីជម្រៅបន្ថែមទៀតលើសំណុះរឿងទាំងពីរនេះ ក្នុងករណីរកឃើញនូវភស្តុតាងថ្មីបន្ថែមដែលអាចនាំឱ្យមានការប្រែប្រួលទៅលើអង្គហេតុ និងបទចោទប្រកាន់ ចៅក្រមស៊ើបសួរមានសិទ្ធិអំណាចក្នុងការកែប្រែបទចោទប្រកាន់ជាដរាប។

សូមរំលឹកនូវសាវតារថា ករណីឃាតកម្មបាញ់ប្រហារដ៏រន្ធត់មួយនេះបានកើតឡើងនៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងបុរីប៉េងហួតបឹងស្នោរ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ក្នុងនោះជនរងគ្រោះទាំង៤នាក់ ក្នុងហេតុការណ៍នេះ រួមមាន៖ ឈ្មោះ ឡុង លីសុង អាយុ២៧ឆ្នាំ (ស្លាប់), ឃីម កញ្ចនា ភេទស្រី អាយុ២៦ឆ្នាំ (ស្លាប់), សុខុម រ៉ាចាណៈ អាយុ២០ឆ្នាំ (រងរបួស) និង ហុង រិទ្ធធារ័ក្ស អាយុ២៤ឆ្នាំ (រងរបួសស្រាល)។ ពួកគេទាំង៤នាក់ស្នាក់នៅផ្ទះកើតហេតុខាងលើ។ ដោយឡែក ខ្មាន់កាំភ្លើងដែលមានគោរមងារជាឧកញ៉ាទៀតនោះ ឈ្មោះ ស្រី ស៉ីណា អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង។

ក្រោយបាញ់ប្រហារ ខ្មាន់កាំភ្លើងបានបើករថយន្ដមួយគ្រឿងម៉ាក Ssangyong Rexton ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2BL-9923 រត់គេចខ្លួនបាត់។ រំលងបានប៉ុន្មានម៉ោងក្រោយ កម្លាំងនគរបាលជំនាញបានចាប់ខ្លួនខ្មាន់កាំភ្លើងបានត្រឡប់មកវិញ នៅចំណុចស្រុកអង្គស្នូល ខេត្តកណ្ដាល ដោយដកហូតបានរថយន្ដដែលជាមធ្យោបាយធ្វើដំណើរ និងអាវុធខ្លីសម្រាប់ធ្វើសកម្មភាព រួមជាមួយគ្រាប់១៥គ្រាប់បន្ថែមទៀត៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ