តុលាការបើកសវនាការកាត់ទោសអតីតប្រធានបក្សខ្មែរក្រោក ដោយសម្រេចចោទប្រកាន់ចំនួន៣បទល្មើស
ភ្នំពេញ៖ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ២៦ ខែឧសភា ២០២២ បានបើកសវនាការជំនុំជម្រះកាត់ក្ដី សំណុំរឿងព្រហ្មទណ្ឌរបស់អតីតប្រធានបក្សខ្មែរក្រោក និងគូកន ពាក់ព័ន្ធនឹងបទល្មើសប្លន់នាក់លក់ឡេ។ សាលាដំបូងរាជធានីភ្នំពេញបានសម្រេចចោទប្រកាន់ក្រុមចោរប្លន់ប្រដាប់អាវុធនេះ ចំនួនបីបទល្មើស គឺបទល្មើសលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។
លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang ដែលជាអតីតប្រធានគណបក្សខ្មែរក្រោក និងបក្ខពួកមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងករណីប្លន់នៅផ្ទះអ្នកលក់ឡេ អ៊ាន សៀវម៉ី ត្រូវបានតុលាការបើកសវនាការនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ ដោយបានសម្រេចចោទប្រកាន់ចំនួន៣បទល្មើស គឺបទល្មើសលួចមានស្ថានទម្ងន់ទោស, កាន់កាប់អាវុធខុសច្បាប់ និងក្លែងឯកសារសាធារណៈ។
បើយោងតាមចម្លើយរបស់លោកសុខ សុវណ្ណវឌ្ឍនាសាប៊ុង ហៅ William Guang កាលពីពេលកន្លងទៅលោកបានសារភាពថា លោកជាមេក្លោង និងជាអ្នករៀបចំផែនការ ហើយសកម្មភាពចូលប្លន់ផ្ទះអ្នកលក់ឡេអនឡាញអ៊ានសៀវម៉ីនេះ គឺរៀបចំផែនការមុនតែមួយថ្ងៃប៉ុណ្ណោះ ដោយចេញធ្វើសកម្មភាពគ្នាចំនួន៥នាក់។
គួរបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ មានករណីប្លន់ដ៏កក្រើកមួយនៅផ្ទះអ្នកលក់ឡេដ៏ល្បី អ៊ាន សៀវម៉ី ដោយក្រុមចោរប្រដាប់អាវុធមានគ្នាចំនួន៥នាក់។ ករណីប្លន់នេះក្រុមចោរបានយកមាស ពេជ្រ គ្រឿងអលង្ការជាច្រើន។ យ៉ាងណាក្រោយកើតហេតុបានតែមួយថ្ងៃប៉ុណ្ណោះ ពោលគឺនៅយប់ថ្ងៃទី២០ ខែធ្នូ កងកម្លាំងរាជអាវុធហត្ថរាជធានីភ្នំពេញបានសម្រុកចូលផ្ទះក្រុមចោរប្លន់ ដែលស្ថិតនៅក្នុងបុរីប៉េងហួត ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ដោយបានចាប់ខ្លួនមនុស្សជាង១០នាក់ និងអាវុធជាច្រើន៕SP