ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា នៅមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមិនមានច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ។

យោងតាមសេចក្ដីណែនាំរបស់រដ្ឋភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បានឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ រដ្ឋបាលរាជធានីភ្នំពេញ បានសង្កេតឃើញថា មានសកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ា ទាមទារឲ្យមានការដោះលែងជនត្រូវចោទ-ឃុំខ្លួន ក្នុងសំណុំរឿងព្រហ្មទណ្ឌមួយចំនួន នៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ ដោយមិនបានជូនដំណឹងមកអាជ្ញាធរមានសមត្ថកិច្ច។

រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ថា «សកម្មភាពជួបជុំប្រមូលផ្ដុំតវ៉ាខាងលើនេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ប្រក្រតីភាពសង្គម សណ្ដាប់ធ្នាប់សាធារណៈ លំហូរចរាចរណ៍ និងប្រាសចាកពីគោលការណ៍ច្បាប់ស្ដីពី បាតុកម្មដោយសន្ដិវិធី ត្រង់មាត្រា៥ដែលបានចែងថា ក្រុមបុគ្គលណា ដែលមានបំណងធ្វើបាតុកម្មដោយសន្ដិវិធី នៅកន្លែងសាធារណៈណាមួយ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅអាជ្ញាធរដែនដីរាជធានី ឬ ខេត្ត មានសមត្ថកិច្ចគ្រប់គ្រងទីកន្លែងនោះ»។

ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ ដូចតទៅ រាល់ការជួបជុំប្រមូលផ្ដុំតវ៉ាទាំងអស់ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមករដ្ឋបាលរាជធានីភ្នំពេញ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ស្ដីពី ការធ្វើបាតុកម្មដោយសន្ដិវិធី និងស្របតាមវិធានការណែនាំនានា ស្ដីពីការបង្ការ-ទប់ស្កាត់ ការរីករាលដាលការចម្លងវិរុសកូវីដ-១៩៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ