ទូតចិន ៖ មិត្តភាពរវាង កម្ពុជា-ចិន ត្រូវបានបន្តពង្រីកឥតឈប់ឈរ ក្លាយទៅជាមិត្តដែកថែប បន្តមកដល់ជំនាន់ក្រោយ
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាតំណាងរាស្ត្រនៅមណ្ឌលខេត្តបាត់ដំបង នាថ្ងៃទី៦ សីហា លោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានលើកឡើងថា មិត្តភាពរវាង កម្ពុជា-ចិន ត្រូវបានបន្តពង្រឹង និងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាព ក្លាយទៅជាមិត្តដែកថែប បន្តមកដល់ជំនាន់ក្រោយ។
លោក ឯកអគ្គរដ្ឋទូត ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះសម្តេច ក្នុងនាមជាឥស្សរជននយោបាយជាន់ខ្ពស់មួយរូប បានចូលរួមចំណែកយ៉ាងច្រើននៅក្នុងដំណើរការស្ដារកសាងអភិវឌ្ឍន៍ និងប្រទេសកម្ពុជា ដូចជា រួមចំណែកដល់ការ ថែរក្សានូវសុខសន្តិភាពនិងស្ថិរភាព។ លោក ឯកអគ្គរដ្ឋទូត បន្តថា កន្លងមក សម្ដេច ក៏ជាមិត្តភក្ដិចាស់របស់ប្រទេសចិន នៅក្នុងតួនាទីសម្តេច បានបំពេញនៅក្នុងអាណត្តិមុនៗ កន្លងមក ជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
លោក ឯកអគ្គរដ្ឋទូត ប្រសាសន៍ថា «កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងរវាងប្រទេសទាំងពីរ កម្ពុជា-ចិន គឺត្រូវបានបង្កើតឡើង ចាប់ពីថ្នាក់ដឹកនាំជាច្រើនជំនាន់មុនរួចមកហើយ តាំងរហូតមកដល់ពេលនេះ ហើយមិត្តភាពរវាងប្រទេសទាំងពីរ នៅតែត្រូវបានបន្តពង្រឹងពង្រីកឥតឈប់ឈរ រហូតមកដល់ពេលនេះ ទំនាក់ទំនងមិត្តភាពក្លាយទៅជាមិត្តភាពដែកថែបបន្តមកដល់ជំនាន់ក្រោយ»។
ជាការឆ្លើយតប សម្ដេច ស ខេង បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសចិន ក្រោមការដឹកនាំរបស់គណបក្សក៏ដូចជារបស់រដ្ឋាភិបាល ហើយសម្ដេច ក៏សូមវាយតម្លៃខ្ពស់ចំពោះតួនាទីកាន់តែមានសារៈសំខាន់របស់ប្រទេសចិននៅក្នុង ឆាកអន្តរជាតិ ជាពិសេសនៅក្នុងក្របខណ្ឌសកលដែលប្រទេសចិនបានដើរតួនាទីកាន់តែសំខាន់នៅក្នុង ការងារនយោបាយក៏ដូចជាសេដ្ឋកិច្ច។
លើសពីនេះ សម្តេច ស ខេង ផ្ទាល់នឹងបន្តខិតខំអស់ពីលទ្ធភាព និងគ្រប់លទ្ធភាពក្នុងការបន្តគាំទ្រដូចជាពង្រឹងពង្រីកនូវទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕EB
អត្ថបទទាក់ទង
-
ករណីអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោសន្ធៅ នៅម្ដុំផ្សារដេប៉ូ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ហើយ ក្នុងទីតាំងកើតហេតុនេះ ក៏មានមនុស្សជាប់នៅក្នុងផ្ទះនោះផងដែរ