សៀមរាប៖ នាល្ងាចថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងវេទិកាជំនួបធុរកិច្ច និងពិធីលៀងសាយភោជន៍ក្នុងព្រឹត្តិការណ៍ Gumball 3000 Rally នៅមុខប្រាសាទបាយ័ន នៃខេត្តសៀមរាប។

ថ្លែងក្នុងសុន្ទរកថានាឱកាសនេះ លោកឧបនាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់គណៈប្រតិភូ Gumball 3000 តាមរយៈលោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 Group សហការជាមួយក្រុមហ៊ុន ជីប ម៉ុង និងស្ថាប័នពាក់ព័ន្ធ ដែលបានជ្រើសរើសប្រទេសកម្ពុជាជាគោលដៅក្នុងរៀបចំព្រឹត្តិការណ៍ប្រមូលផ្តុំរថយន្តដ៏ធំនេះ។ ពិសេសជាងនេះ ព្រឹត្តិការណ៍នេះគ្រោងនឹងបំបែកឯកទគ្គកម្មពិភពលោក «ការតាំងបង្ហាញរថយន្តទំនើបច្រើនជាងគេបំផុតលើពិភពលោក» ក្នុងតំបន់បេតិកភណ្ឌ ដែលក្លាយជាឱកាសប្រវត្តិសាស្ត្រថ្មីសម្រាប់ប្រទេសកម្ពុជា។

ឆ្នាំ២០២៤នេះ ក៏ជាឆ្នាំទស្សនាសៀមរាប ដែលស្របពេលកម្ពុជាកំពុងពង្រឹងទំនាក់ទំនងជាមួយដៃគូសំខាន់ៗ តាមរយៈការផ្លាស់ប្តូរប្រជាជន និងប្រជាជនជាដើម។ គំនិតផ្តួចផ្តើមទាំងនេះ និងព្រឹត្តិការណ៍ Gumball 3000 បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រីកទំនាក់ទំនងទេសចរណ៍ និងវប្បធម៌ជាមួយដៃគូពិភពលោក និងការលើកកម្ពស់បទពិសោធន៍រួមគ្នា។

លោកឧបនាយករដ្ឋមន្រ្តី លើកទឹកចិត្តដល់ភាគីពាក់ព័ន្ធទាំងអស់ ប្រតិបត្តិករទេសចរណ៍ ភ្នាក់ងារទេសចរណ៍ និងសហគមន៍ធុរកិច្ចអន្តរជាតិ ធ្វើការរួមគ្នាក្នុងការចាប់យកឱកាសក្នុងព្រឹត្តិការណ៍ Gumball 3000 ដើម្បីធ្វើឱ្យបទពិសោធន៍របស់អ្នកទស្សនាគ្រប់រូបនៅក្នុងប្រទេសកម្ពុជាមិនអាចបំភ្លេចបាន និងធានាថាពួកគេត្រឡប់មកកម្ពុជាវិញម្តងហើយម្តងទៀត៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ