ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា បានអនុញ្ញាតឱ្យប្រតិភូសហព័ន្ធសន្តិភាពសកល (Universal Peace Federation-UPF) ដឹកនាំដោយ លោកបណ្ឌិត Charles S. Yang ប្រធានសហព័ន្ធសន្តិភាពសកល (UPF) ជួបសម្តែងការគួរសមនិងពិភាក្សាការងារ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទំាងពីរ នៅក្នុងបេសកកម្មស្វែងរកសុខសន្តិភាព និងការអភិវឌ្ឍ ជូនពលរដ្ឋនៅក្នុងតំបន់ ក៏ដូចជានៅលើសកលលោក។

ក្នុងឱកាសនោះ សម្តេច រដ្ឋសភាធិបតី បានថ្លែងការកោតសរសើរចំពោះបេសកកម្មដ៏ល្អរបស់អង្គការ UPF នៅក្នុងការស្វែងរកសន្តិភាពជូនតំបន់ និងសកលលោក។ កម្ពុជាបានចូលរួមនិងគំាទ្របេសកកម្មនេះជានិច្ច នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ស្ថាបនិកសន្តិភាព ហើយបានបន្តវេនដោយ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនីតិកាលទី៧ ដែលពោរពេញដោយសមត្ថភាពនិងថាមពល។

សម្តេច រដ្ឋសភាធិបតី បានលើកឡើងថា UPFក៏មានទំនាក់ទំនងដ៏ល្អជាមួយរដ្ឋសភាកម្ពុជា ជាយូរមកហើយ។ ដូច្នេះនៅក្នុងពេលដែលពិភពលោកកំពុងប្រឈមនូវអំពើហិង្សា ភាពស្មុគស្មាញភូមិសាស្រ្តនយោបាយ សង្រ្គាម និងភាពមិនប្រាកដប្រជានោះ UPFគួរស្វែងរកលទ្ធភាពកាន់តែច្រើនជាមួយរដ្ឋសភាកម្ពុជា ដើម្បីបានចូលរួមនៅក្នុងសកម្មភាពដ៏មានតម្លៃនេះ។ សម្តេច រដ្ឋសភាធិបតី បានគូសបញ្ជាក់ថា រដ្ឋសភាកម្ពុជាបានចូលរួមជាមួយវេទិកាអន្តរសភាជាច្រើន នៅក្នុងការលើកកម្ពស់សន្តិភាពនិងកិច្ចសន្ទនាដូចជា AIPA, APPF, APF, ASEP ជាដើម។

លោកបណ្ឌិត Charles S. Yang បានគូសបញ្ជាក់ថា UPFទំាងមូលមានជំនឿជឿជាក់ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ទំាងរដ្ឋសភានិងរាជរដ្ឋាភិបាលកម្ពុជាអាណត្តិថ្មីនេះ នឹងសម្រេចបាននូវសមិទ្ធផលថ្មីៗ ជាច្រើនទៀតជូនជាតិនិងប្រជាជន។
លោកបណ្ឌិត Charles S. Yang បានជម្រាបជូន សម្តេចប្រធានរដ្ឋសភាពីលទ្ធផលជាច្រើន នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ UPF នៅកម្ពុជា នៅក្នុងនោះ គណៈប្រតិភូបានទស្សនកិច្ចវិមានឈ្នះឈ្នះផងដែរ។ លោកក៏លើកឡើងពីគម្រោងរៀបចំសន្និសីទមួយចំនួនរបស់UPF ដើម្បីសន្តិភាព នាពេលមុខ និងស្នើសូមរដ្ឋសភាកម្ពុជាគំាទ្រ ដោយបានគូសបញ្ជាក់ថា យុទ្ធសាស្រ្តឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ជាមេរៀនសំខាន់មួយ ដែលពិភពលោក ត្រូវរៀនសូត្រនៅក្នុងការបញ្ចប់សង្រ្គាមនិងកសាងសន្តិភាព៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ