ក្រុមអ្នកវិទ្យាសាស្ត្រតាមដានសត្វព្រៃរបស់អង្គការ WWF បានប្រទះឃើញសត្វរំពេទន្លេសរុបចំនួន ៦៨ ក្បាល ក្នុងអំឡុងពេលចាប់ផ្តើមសិក្សាចំនួនសត្វបក្សីនៅតាមតំបន់ទន្លេមេគង្គរវាងខេត្តក្រចេះ ស្ទឹងត្រែង និងព្រំប្រទល់ប្រទេសឡាវ ក្នុងដើមខែកុម្ភៈ ឆ្នាំ២០២១។ ក្រោយការសិក្សា សង្កេតឃើញវត្តមានរបស់សត្វរំពេទន្លេដ៏អស្ចារ្យទាំងនេះកំពុងប្រើប្រាស់ថ្មប៉ប្រះទឹកជាទ្រនំដើម្បីចាប់ត្រី ខណៈដែលសត្វរំពេខ្លះទៀតកំពុងតែហើរក្រឡឹងចុះឡើងតាមឆ្នេរខ្សាច់ដែលជាទីជម្រកធម្មជាតិរបស់ពួកវាដើម្បីបន្តពូជ ដោយសាររដូវនេះ ជារដូវបន្តពូជរបស់សត្វរំពេទន្លេបានចាប់ផ្តើមហើយ។
លោកអៀម សំអ៊ន់ អ្នកទទួលបន្ទុកផ្នែកស្រាវជ្រាវនិងតាមដានជីវៈចម្រុះ ប្រចាំតំបន់ទន្លេមេគង្គនៃអង្គការ WWF បានថ្លែងថា៖ «សត្វរំពេទន្លេជាប្រភេទបក្សីមានមាឌមធ្យម មានកន្ទុយចំពាម ក្បាលខ្មៅ ពោះស ហើយភាគច្រើនត្រូវបានគេប្រទះឃើញក្នុងរដូវកាលបន្តពូជរបស់ពួកវាដែលចាប់ផ្តើមពីខែមករាដល់ខែឧសភា»។ លោកបន្ថែមថា៖ «ចំនួនសត្វរំពេទន្លេដែលបានប្រទះឃើញពេលនេះមានចំនួនច្រើនជាងចំនួនដែលបានប្រទះឃើញកាលពីឆ្នាំមុន ដែលពេលនោះឃើញសត្វរំពេទន្លេមានតែ ៦៤ក្បាល ប៉ុណ្ណោះ»។
លោកអៀម សំអ៊ន់ និយាយថា «សមាជិកក្រុមអ្នកវិទ្យាសាស្ត្រគ្រប់គ្នាពិតជារំភើបខ្លាំងណាស់ចំពោះកំណត់ត្រាកំណើនសត្វរំពេក្នុងអំឡុងពេលការអង្កេតចំនួនសត្វបក្សីលើកដំបូងនៅក្នុងរដូវបន្តពូជឆ្នាំនេះ។ កម្មវិធីអង្កេតបក្សីនេះ គឺទទួលបានការគាំទ្រថវិការបស់រដ្ឋាភិបាលប៊ែលហ្សិក (DGD) និងអង្គការ WWF-ប៊ែលហ្សិក។ ចំនួនបក្សីនេះមានកំណើនទ្វេដងក្នុងរយៈពេលប្រាំឆ្នាំ ដែលកើនពី ៣១ក្បាល ក្នុងឆ្នាំ២០១៦ ដល់ ៦៨ក្បាលក្នុងដើមឆ្នាំ២០២១នេះ។
លោកសេង ទៀក នាយកអង្គការ WWF-កម្ពុជា បានមានប្រសាសន៍ថា «នេះពិតជាដំណឹងដ៏ល្អមួយ ដែលផ្តល់ការលើកទឹកចិត្ត និងមោទនភាពសម្រាប់ប្រទេសកម្ពុជា និងប្រទេសផ្សេងៗទៀតនៅក្នុងតំបន់ ហើយការបង្កើនកិច្ចខិតខំប្រឹងប្រែងជាទៀងទាត់បានជម្រុញឱ្យចំនួនសត្វបក្សីនេះកើនឡើងវិញ ដែលផ្តល់នូវក្តីសង្ឃឹមសម្រាប់ការស្តារសត្វប្រភេទនេះឱ្យមានចំនួនសម្បូរឡើងក្នុងប្រទេសកម្ពុជា និងក្នុងតំបន់»។ សត្វរំពេទន្លេ ជាប្រភេទបក្សីមួយដ៏កម្របំផុតក្នុងចំណោមប្រភេទបក្សីកម្រក្នុងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងប្រទេសកម្ពុជាសត្វរំពេទន្លេបានធ្លាក់ចុះ ៨០% ក្នុងរយៈពេល ២០ឆ្នាំកន្លងទៅ ដែលមានចំនួនប៉ាន់ប្រមាណសរុបទូទាំងប្រទេសចន្លោះពី ៥៤ដល់៦២ក្បាលប៉ុណ្ណោះ ក្នុងឆ្នាំ២០១៨។
គួរបញ្ជាក់ថា កត្តាគម្រាមកំហែងចម្បងៗចំពោះការរស់រានរបស់សត្វបក្សីនេះរួមមាន ការយាយីដល់ទីជម្រកធម្មជាតិរបស់វាបណ្តាលមកពីសកម្មភាពមនុស្ស ការជន់លិចសំបុក ការប្រមូលយកស៊ុតបក្សីដោយមនុស្ស និងការបំផ្លាញសំបុកសត្វដោយសត្វពាហនៈនិងសត្វរំពាផ្សេងៗ។ ដោយហេតុនេះហើយ ទើបអង្គការ IUCN បានផ្លាស់ប្តូរចំណាត់ថ្នាក់របស់បក្សីនេះក្នុងបញ្ជីក្រហមនៃប្រភេទសត្វទទួលរងគ្រោះរបស់ខ្លួន ពីជិតរងគ្រោះទៅជាប្រភេទងាយរងគ្រោះ៕