ក្រសួងមហាផ្ទៃ ៖ កំណើនជនជាប់ឃុំ ធ្វើឲ្យតម្រូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើង ខណៈបច្ចុប្បន្ននេះ នៅកម្ពុជាមានជនជាប់ឃុំ ចំនួន ៥៩.៩១២នាក់
ភ្នំពេញ ៖ ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ បានលើកឡើងថា កំណើនជនជាប់ឃុំនៅប្រទេស ធ្វើឲ្យតម្រូវសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក៏មានការកើនឡើង រួមទាំង សេវាសុខាភិបាល ឧបករណ៍សម្ភារពេទ្យ ឱសថ និងមន្ត្រីពេទ្យពន្ធនាគារជាដើម។
ការលើកឡើងរបស់ លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួល ជំនួយសម្ភារចាំបាច់មួយចំនួន ជូនដល់អគ្គនាយកដ្ឋានពន្ធនាគារពីលោក គី ប៊ុនណាល់ មន្ត្រីកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាតំណាងការិយាល័យសហប្រជាជាតិដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ នៅទីស្ដីការក្រសួងមហាផ្ទៃ។
លោក ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឈន សាណាត បានឲ្យដឹងទៀតថា បញ្ហាភាពចង្អៀតណែន បង្កហានិភ័យអំពីបញ្ហាសន្តិសុខ សុវត្ថិភាព និងសុខភាពជនជាប់ឃុំ។
ទន្ទឹមនឹងនេះ លោក អគ្គនាយក បានលើកឡើងថា អំណោយទាំងនេះ ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ដល់តម្រូវការពិតប្រាកដរបស់ជនជាប់ឃុំ និងស្តែងពីការពង្រឹងកិច្ចសហការជិតស្និទ្ធរវាងអគ្គនាយកដ្ឋានពន្ធនាគារ និងUNODC។ ឯកឧត្តម អគ្គនាយក ក៏បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ អង្គការ UNODC បានផ្តល់សម្ភារមួយចំនួនដល់ជនជាប់ឃុំប្រើប្រាស់ប្រចាំថ្ងៃជាពិសេសម្រាប់ជនជាប់ឃុំជាស្ត្រី។
នាឱកាសនោះដែរ លោក គី ប៊ុនណាល់ មន្ត្រីកម្មវិធីយុត្តិធម៌ព្រហ្មទណ្ឌ ជាតំណាងការិយាល័យសហប្រជាជាតិដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) បានថ្លែងថា នាពេលកន្លងមក UNODC តែងតែចូលរួមជួយឧបត្ថម្ភ គាំទ្រដល់ការរៀបចំវគ្គបណ្ដុះបណ្ដាល និងបើកវគ្គសិក្ខាសាលាមួយចំនួន សម្រាប់អភិវឌ្ឍន៍សមត្ថភាពមន្ត្រីលើវិស័យពន្ធនាគារ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ចំនួនជនជាប់ឃុំ សរុប ៥៩.៩១២នាក់ ស្ត្រី៣.៧៦៣នាក់ ក្នុងនោះ អនីតិជន ៣.៨១៣នាក់ (ស្រី១៦០នាក់), កូនតាមម្តាយ ១៣២នាក់ (កុមារី៦៦នាក់), ស្ត្រីមានផ្ទៃពោះ ៤៧នាក់៕