ភ្នំពេញ ៖ មន្រ្តីជំនាញក្រសួងបរិស្ថាន បានបង្ហាញពីទិន្នន័យ  នៃវត្តមានសត្វព្រៃជាច្រើនប្រភេទនៅក្នុងតំបន់ជួរភ្នំក្រវាញប្រទេសកម្ពុជា។

តាមរយៈគេហទំព័រហ្វេសប៊ុក របស់  ក្រសួងបរិស្ថាន  បានបញ្ជាក់ថា  នៅក្នុងពេលចុះពិនិត្យ  និងសិក្សាទីតាំងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ  ចំនួនជាង ៥០គ្រឿង នៅក្នុងតំបន់ការពារធម្មជាតិ ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកនេះ ក្រុមជំនាញក្រសួងបរិស្ថាន បានប្រទះឃើញ ដានជើង លាមក គន្លងសត្វព្រៃដូចជា៖ ដំរីអាស៊ី ខ្ទីង ប្រើស្បូវ កែះ ឈ្លូស ជ្រូកព្រៃ ខ្លាពពក ខ្លាឃុំ ជ្រូកព្រុល ពង្រូល ឆ្កែព្រៃ និងប្រភេទសត្វព្រៃសំខាន់ៗមួយចំនួនទៀត។ 

ការដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិដើម្បីចាំថតសត្វព្រៃនេះ គាំទ្រដោយគម្រោង «និរន្តរភាពតំបន់ទេសភាពនិងទេសចរណ៍ធម្មជាតិកម្ពុជា» សហការជាមួយនាយកដ្ឋានអភិរក្សតំបន់ការពារធម្មជាតិដីគោក ខាងត្បូងបឹងទន្លេសាប នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ មន្ទីរបរិស្ថានខេត្តពោធិ៍សាត់ មន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ និងមន្ទីរបរិស្ថានខេត្តកោះកុង ដើម្បីជាប្រយោជន៍បង្កើនចំណេះដឹងពីវិធីសាស្រ្តសិក្សា និងប្រមូលទិន្នន័យជីវៈចម្រុះ តាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ ដល់មន្ត្រីឧទ្យានុរក្ស ក៏ដូចជាធ្វើការសិក្សាពីប្រភេទ ទីជម្រកសត្វព្រៃមានដោយកម្រ ជិតផុតពូជ ទទួលរងគ្រោះ ព្រមទាំងរបាយនិងភាពសម្បូរបែបនៃប្រភេទសត្វព្រៃក្នុងតំបន់ការពារធម្មជាតិនៃប្រទេសកម្ពុជា។

ជាមួយគ្នានេះ ការចុះសិក្សា និងដាក់ដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិ ជាកម្មវត្ថុនៃការរៀបចំកំណត់ និងបែងចែកតំបន់គ្រប់គ្រង និងផែនការគ្រប់គ្រង ក្នុងឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលឲ្យមានប្រសិទ្ធភាពថែមទៀតផងដែរ។

បន្ថែមលើនេះទៀត ក្រុមការងារ បានសិក្សានិងដាក់ម៉ាស៊ីនថតស្វ័យប្រវត្តិសរុបចំនួន ៥៣គ្រឿង ក្នុង៥២ទីតាំងសិក្សា (Deployment) ក្នុងនោះភូមិសាស្ត្រខេត្តពោធិ៍សាត់ចំនួន ២០គ្រឿង ខេត្តកោះកុង ២៣គ្រឿង និងខេត្តកំពង់ស្ពឺចំនួន ១០គ្រឿង។ សូមបញ្ជាក់ផងដែរថា ម៉ាស៊ីនថតស្វ័យប្រវត្តិទាំង ៥៣គ្រឿង នេះគ្រោងនឹងប្រមូលត្រលប់មកវិញ នៅក្នុងអំឡុងខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

សូមបញ្ជាក់ថា រយៈពេលចាប់ពីខែតុលា ឆ្នាំ២០២១ រហូតដល់ខែមករា ឆ្នាំ២០២២ នេះ ក្រសួងបរិស្ថានបានរកឃើញវត្តមានប្រភេទសត្វព្រៃមានដោយកម្រ ប្រភេទជិតផុតពូជ ប្រភេទទទួលរងគ្រោះថ្នាក់ ប្រភេទទទួលគំរាមកំហែងចំនួន ១០ប្រភេទ រួមមាន៖ ដំរីអាស៊ី ខ្ទីង ប្រើសស្បូវ កែះ ខ្លាឃ្មុំតូច ខ្លាឃ្មុំធំ ឆ្កែព្រៃ ជ្រូកពោន ឬជ្រូកព្រុល សំពោចកលឿង និងស្វាត្រោស រួមជាមួយប្រភេទថនិកសត្វ និងបក្សីមួយចំនួនទៀតមានវត្តមាននៅក្នុងតំបន់ការពារធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ