ភ្នំពេញ៖ ប្រមុខក្រសួងមហាផ្ទៃ បានចេញប្រកាសលេខ ២៣៨៥ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥ ស្តីពីការបណ្ដេញ និងផ្អាកមន្ត្រីជាច្រើននាក់ ចេញពីក្របខ័ណ្ឌមន្ត្រីរាជការ។លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានជំរាបជូនថា អនុសេនីយ៍ត្រី សុខ សំអុល មន្ត្រីវរៈសេនាតូចនគរបាលការពារព្រំដែនលេខ៨៩១ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលពាក់ព័ន្ធក្នុងសំណុំរឿងនាំមនុស្សឆ្លងដែនខុសច្បាប់ ត្រូវបានក្រសួងមហាផ្ទៃ ដោយឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រេចបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីរាជការ និងដកតំណែងឋានន្តរស័ក្កទាំងអស់ចាប់ពីពេលនេះតទៅ។
លោកបណ្ឌិត ទូច សុឃៈ បន្ថែមថា ក្នុងសំណុំរឿងនេះ មានការឃាត់ខ្លួនមនុស្សចំនួន ៦ នាក់ ខណៈដែលមនុស្សម្នាក់ទៀតមិនពាក់ព័ន្ធ និងត្រូវបានដោះលែងតាមនីតិវិធីដែលច្បាប់កំណត់។ ក្រោយពិនិត្យសំណុំរឿង និងតាមនីតិវិធីតាមឋានានុក្រម ឯកឧត្តមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារ និងប្រាក់បៀវត្សរបស់មន្ត្រីចំនួន ៤ នាក់ បណ្ដោះអាសន្ន ដើម្បីបើកផ្លូវឲ្យតុលាការបន្តដំណើរការតាមច្បាប់ ស្វែងរកការពិត និងធានានីតិភាពត្រឹមត្រូវ។
តាមប្រកាសផ្លូវការរបស់ក្រសួង ការចេញប្រកាសនេះ ជាសញ្ញាបង្ហាញពី ការប្តេជ្ញារឹងមាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្នុងការការពារ និងអនុវត្តច្បាប់ ដោយមិនអនុញ្ញាតឲ្យមានអ្នកណាម្នាក់ប្រើប្រាស់តួនាទីមន្ត្រីរាជការ ដើម្បីអនុវត្តសកម្មភាពខុសច្បាប់ ឬប៉ះពាល់ដល់អធិបតេយ្យជាតិ។
 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ