ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ ប្រទេសកម្ពុជាមានគម្របព្រៃឈើចំនួន ៤៦,៨៦ភាគរយ ដែលស្មើនឹង៨,៥លានហិកតា ហើយនៅក្នុងតំបន់ព្រៃឈើទាំងអស់នោះ មានសត្វព្រៃកម្រជាច្រើនប្រភេទកំពុងរស់នៅ រួមទាំងជីវចម្រុះជាច្រើនទៀត ដែលបម្រើដល់វិស័យទេសចរណ៍ផងដែរ ។
ក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំ របស់ក្រសួងបរិស្ថាន រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២២ លោក នេត សុភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា គិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាមានតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះ ស្ថិតនៅក្រោមក្រសួងបរិស្ថាន មានចំនួន៧៦កន្លែង គឺមានន័យថាចាប់ពីឆ្នាំ២០១៦មក កំណើតពីផ្ទៃដីការពារធម្មជាតិកើនពី២៣ មកជាង៧៦តំបន់ កើនពីផ្ទៃដីពី ៣លាន ២សែនហិកតា ទៅ៧លាន ៣សែនហិកតា ស្មើនឹង៤១ភាគរយ នៃផ្ទៃដីប្រទេសកម្ពុជា ។
លោកបន្តថា បើប្រៀបធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់អាស៊ី កម្ពុជាដែលមានផ្ទៃដីអភិរក្ស ៤១ភាគរយនេះ គឺមានទំហំធំទី២ បន្ទាប់ពីប្រទេសប៊ូតង់ ហើយផ្ទៃដីនេះ បើប្រៀបធៀបទៅនឹងគោលការណ៍អភិរក្សជីវចម្រុះ ដែលកំណត់ដោយអាត់ស៊ី កម្ពុជាមានផ្ទៃដីអភិរក្សធំជាង ២ដង នៃការកំណត់ដោយគោលការណ៍អភិរក្សជីវចម្រុះ ដែលមានត្រឹមតែ១៧% ។
លោក បន្ថែមថា កម្ពុជាមានរបៀងអភិរក្សជីវចម្រុះមានចំនួន៣កន្លែង ហើយតំបន់ការពារធម្មជាតិ ៧៣កន្លែងនោះ មានឧទ្យាជាតិចំនួន ១០តំបន់, ដែនជម្រកសត្វព្រៃចំនួន ១៩តំបន់, តំបន់ការពារទេសភាព ១៤តំបន់, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១០តំបន់, តំបន់រ៉ាមសាចំនួន ៥តំបន់, តំបន់បេតិកភ័ណ្ឌធម្មជាតិចំនួន ១៣តំបន់ និងតំបន់ឧទ្យាជាតិសមុទ្រចំនួន ២តំបន់ ហើយគ្រោងបង្កើតឧទ្យាជាតិសមុទ្រមួយទៀត នៅក្នុងខេត្តកែប ដែលសម្បូរទៅដោយជីវចម្រុះជាច្រើនប្រភេទ៕EB