ស្ទឹងត្រែង ៖ដោយសារសាកសពផ្សោតមានសភាពស្អុយ និងមាន មានទម្ងន់ធ្ងន់ ក្រុមការងារក៏បានសម្រេចធ្វើការ ថ្លឹងទម្ងន់ ថតរូប វាស់វែង និងធ្វើការវះកាត់យកសំណាកគំរូវិភាគមួយចំនួនសម្រាប់ផ្នែកវិជ្ជសាស្រ្តដូចជា៖ ស្បែក សាច់ ខ្លាញ់ ថ្លើម សួត បេះដូង តំរងនោម ភ្នែក យកមករក្សាទុកក្នុងទូរក្លាស់សេ នៅការិយាល័យនៃអង្គការ WWF ប្រចាំខេត្តក្រចេះ នាថ្ងៃទី១៤ ខែ មិថុនា ឆ្នាំ២០២១។ 

តាមការពិនិត្យជាក់ស្តែងឃើញថាសាកសពសត្វផ្សោតនេះ ជាផ្សោតដែលមានទម្ងន់ធ្ងន់ មានដងខ្លួនវែង និងធ្មេញរិចរឹលអស់ ដូចនេះក្រុមការងារសន្និដ្ឋានជាបឋមថា សត្វផ្សោតនេះអាចងាប់ ដោយសារតែ វា មានអាយុចាស់ ។ សាកសពសត្វផ្សោតនេះជាផ្សោតដែលមានលេខសំគាល់NR038 ជាផ្សោតរស់នៅ ក្នុងក្រុមហ្វូងផ្សោតនៅក្នុងអន្លង់ឈើទាល ក្នុងភូមិអន្លង់ស្វាយ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។ បច្ចុប្បន្ននេះនៅសល់ផ្សោតតែមួយក្បាលគត់ ដែលមានលេខសំគាល់ NR035 កំពុ ង បន្តរស់នៅតែឯងបន្តទៅទៀតក្នុងអន្លង់ឈើទាលស្ថិតនៅជាប់ព្រំដែនកម្ពុជា-ឡាវ ។

សាកសពសត្វផ្សោតនេះជាផ្សោតទីប្រាំហើយដែលបានងាប់នៅក្នុងឆ្នាំ២០២១ នេះ ចាប់ខែមករា ដល់ខែមិថុនា ដែលក្នុងនោះរួមមានផ្សោតចំនួន០៣ក្បាលបានងាប់នៅក្នុងខេត្តស្ទឹងត្រែង និងចំនួន០២ក្បាលទៀតបានងាប់នៅក្នុងខេត្តក្រចេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ