អគ្គស្នងការដ្ឋាននគរបាលជាតិ កំពុងស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ដើម្បីបំបែកសំណុំរឿងឃាតកម្មលើជនជាតិកូរ៉េខាងត្បូងម្នាក់ ខណៈមនុស្សបីនាក់ត្រូវចាប់ខ្លួនជាបន្តបន្ទាប់
ភ្នំពេញ ៖ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ បានឆ្លើយតបជាមួយសារព័ត៌មាន South China Morning Post ពាក់ព័ន្ធករណីឃាតកម្មលើជនជាតិកូរ៉េខាងត្បូងម្នាក់នៅប្រទេសកម្ពុជា ដែលបានប្រទះឃើញសពដឹកតាមរថយន្ដ កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥កន្លងទៅ។
យោងតាមសេចក្ដីប្រកាសព័ត៌មាន អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ថាករណីនិស្សិតកូរ៉េម្នាក់ធ្វើដំណើរមកប្រទេសកម្ពុជា កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ រួចត្រូវបានក្រុមឧក្រិដ្ឋជនចាប់ជំរិត ដោយទារប្រាក់ចំនួន៥០លានវ៉ុន តាមសារព័ត៌មាន South China Morning Post ចុះផ្សាយនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៥នេះ គឺជាករណីសមត្ថកិច្ច ប្រទះឃើញសពដឹកតាមរថយន្ត មានទិសដៅចុះពីលើភ្នំបូកគោ មកទីរួមខេត្តកំពត នៅវេលាយប់ម៉ោង២ រំលងអធ្រាត្រ ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៥ ដែលត្រូវបានកំណត់អត្តសញ្ញាណ ឈ្មោះ PARK MINHO ភេទប្រុស សញ្ជាតិកូរ៉េខាងត្បូង កើតថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០០៣ ធ្វើដំណើរមកប្រទេសកម្ពុជា នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥។
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងការធ្វើកោសល្យវិច័យជាបឋម សពបានស្លាប់ដោយសារ រងទារុណកម្មធ្ងន់ធ្ងរ ដោយមានស្នាមជាំឈាមលើរាងកាយជាច្រើនកន្លែង។ ករណីនេះសមត្ថកិច្ចបានឃាត់ ខ្លួនជនសង្ស័យជាជនជាតិចិនភ្លាមៗចំនួន ២នាក់ ដែលជាអ្នកបើករថយន្តដឹកសព និងអ្នករួមដំណើរ ហើយបានបន្តស្រាវជ្រាវកំណត់ទីតាំងបានមួយកន្លែង ដែលសពមានវត្តមានមុនពេលស្លាប់ និងបានឈានទៅបង្ក្រាបទីតាំងនោះ ក្រោយមានសញ្ញាណធ្វើសកម្មភាពអនឡាញខុសច្បាប់ ព្រមទាំងបានដកហូតសម្ភារ វត្ថុតាងមួយចំនួនផងដែរ។ ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងនោះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន១នាក់ ដែលជាអ្នកគ្រប់គ្រងអាគារ និងកំណត់បានជនសង្ស័យជាប់ពាក់ព័ន្ធម្នាក់ទៀតឈ្មោះ ហាយ ភេទប្រុស ជនជាតិចិន អាយុប្រហែល៣០ឆ្នាំ បច្ចុប្បន្នកំពុងរត់គេចខ្លួន។
សូមបញ្ជាក់ថា សមត្ថកិច្ចកម្ពុជាពុំទទួលបានព័ត៌មាន ឬបណ្ដឹងពីក្រុមគ្រួសារសព ឬពីស្ថានទូត ដូចការចុះផ្សាយរបស់ South China Morning Post ដែលថា គ្រួសារសពបានស្វែងរកកិច្ចអន្តរាគមន៍ ជួយសង្គ្រោះតាមរយៈស្ថានទូត និងនគរបាលមូលដ្ឋាននោះទេ។
សមត្ថកិច្ចជំនាញ បាននិងកំពុងសហការជាមួយស្ថានទូតកូរ៉េខាងត្បូងប្រចាំព្រះរាជាណាចក្រកម្ពុជា រៀបចំបែបបទនីតិវិធីផ្សេងៗ និងកំពុងបន្តស្រាវជ្រាវជនស្វែងរកចាប់ខ្លួនជនសង្ស័យដែលបានរត់គេចខ្លួន និងបក្ខពួកមកអនុវត្តទោសតាមច្បាប់ជាធរមាន៕