ប៉ះទង្គិចគ្នាជាថ្មីនៅក្បែរសភារវាងបាតុករ និងក្រុមប៉ូលិសថៃ នៅបរិវេណខាងក្រៅរដ្ឋសភាដោយប្រើសារធាតុរាវបង្ហូរទឹកភ្នែកបាញ់លើហ្វូងបាតុករ
ការតវ៉ាដោយយុវជនថៃ បានផ្ទុះឡើងជាថ្មីនៅថ្ងៃអង្គារទី១៧ខែវិច្ឆិកាឆ្នាំ២០២០ ដោយពួកគេបានទៅប្រមូលផ្តុំនៅក្បែររដ្ឋសភា ជាកន្លែងដែលក្រុមសមាជិកសភាកំពុងតែប្រជុំពិភាក្សា អំពី ច្បាប់រដ្ឋធម្មនុញ្ញ។ នៅបរិវេណខាងក្រៅរដ្ឋសភា មានការរឹតបន្តឹងខ្លាំង ដើម្បីការពារកុំឲ្យក្រុមអ្នកតវ៉ារុលចូលទៅបាន។ ការតវ៉ាបានប្រែក្លាយជាអំពើហិង្សាធ្ងន់ធ្ងរលើសពេលមុនៗ នៅពេលក្រុមអ្នកតវ៉ាដែលស្រេកឃ្លាន ការកែប្រែរដ្ឋធម្មនុញ្ញ និងរបបរាជានិយម បាននាំគ្នាសម្រុកទៅបំបែករបាំងបន្លាលួស ដែលប៉ូលិសដាក់ពង្រាយនៅក្បែរសភា និងគប់គ្រាប់បែកផ្សែងដាក់ប៉ូលិស ដែលរារាំងពួកគេ។
ជាការឆ្លើយតប ប៉ូលិសបានប្រើប្រាស់កាណុងបាញ់ទឹក ដើម្បីបំបែកក្រុមអ្នកតវ៉ា តែមិនអាចបង្ក្រាបបាន ប៉ូលិសក៏ចាប់ផ្តើមលេងដៃធ្ងន់ ដោយប្រើសារធាតុរាវបង្ហូរទឹកភ្នែកបាញ់លើហ្វូងបាតុករ ដែលធ្វើឲ្យបាតុករមួយចំនួនឈឺផ្សារក្នុងភ្នែកយ៉ាងខ្លាំង។ តាមតួលេខចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មានCNA មានមនុស្ស១៨នាក់បានរងរបួសនៅក្នុងការតវ៉ានេះ នៅក្នុងនោះ១២នាក់រងគ្រោះដោយសារតែឧស្ម័នបង្ហូរទឹកភ្នែក ហើយអ្នកខ្លះត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យនិងខ្លះទៀត ទទួលការព្យាបាលនៅនឹងកន្លែង៕