ក្រុមអ្នកតវ៉ាថៃរាប់ពាន់នាក់មិនខ្វល់រឿងកូវីដ១៩ ប្រមូលផ្តុំគ្នាសម្រុកទៅមុខវិមានរដ្ឋាភិបាល ទាមទារឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង
ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលថៃរាប់ពាន់នាក់បានចាប់ផ្តើមដង្ហែរក្បួនរបស់ពួកគេឆ្ពោះទៅវិមានរដ្ឋាភិបាលនៅថ្ងៃពុធនេះ ដើម្បីដាក់ការទាមទារឱ្យនាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចា ចុះចេញពីតំណែង និងស្នើឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញថ្មី។ នេះបើតាមការចុះផ្សាយដោយកាសែតបាងកកប៉ុស្តិ៍ នៅរសៀលថ្ងៃទី ១៤ ខែតុលា។
ក្រុមអ្នកតវ៉ាបានដើរដង្ហែរក្បួនបាតុកម្មដោយដើរបណ្តើរស្រែកបណ្តើរចេញពីវិមានប្រជាធិបតេយ្យដែលជាកន្លែងដែលពួកគេបានប្រមូលផ្តុំគ្នាទល់មុខនឹងអ្នកគាំទ្ររាជានិយមពាក់អាវពណ៌លឿងរាប់ពាន់នាក់ដោយស្រែកថា“ ផ្តួលរំលំរបបផ្តាច់ការ”។
ក្រុមអ្នកតវ៉ាបានដើរចេញពីវិមានប្រជាធិបតេយ្យនៅលើវិថីរ៉ាមដនឆ្ពោះទៅកាន់វិមានរដ្ឋាភិបាលតាមបណ្តោយផ្លូវណាខុនសាន់នៅពេលដែលក្រុមសន្តិសុខបានរារាំងពួកគេពីការដើរក្បួននៅលើវិថីរ៉ាចាដនណុន។មេធាវីការពារសិទ្ធិមនុស្ស អាណុនណាំផា និងមេដឹកនាំបាតុកម្មដទៃទៀតបានសន្យាថា ការដង្ហែរក្បួនបាតុកម្មនេះនឹងមិន មានអំពើហិង្សាណាមួយកើតឡើងនោះទេ។
គួរជម្រាបដែរថា បាតុកម្មនេះគឺជាសកម្មភាពចុងក្រោយបំផុតក្នុងរយៈពេល ៣ ខែកន្លងមកនេះ ដែលបាន ដាក់សម្ពាធយ៉ាងខ្លាំងទៅលើរដ្ឋាភិបាលថៃ ជាពិសេសនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ដោយទាមទារឱ្យមេដឹកនាំរបបសឹកថៃរូបនេះចុះចេញពីតំណែង៕SP