ក្រុមបាតុករថៃ បានប្រមូលផ្ដុំគ្នានៅក្បែរវិមានប្រជាធិបតេយ្យក្នុងទីក្រុង បាងកក ដោយតវ៉ាប្រឆាំងរដ្ឋាភិបាលស៊ីវិលអាយុ១ឆ្នាំរបស់លោក ប្រាយុទ្ធ ចន្ទអូចា ដែលជាអតីតមេរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស្របច្បាប់កាលពី៦ឆ្នាំមុន។ អ្នករៀបចំបាតុកម្មនេះ បានដាក់ចេញការទាមទារចំនួន៣ រួមមាន រំលោយសភាចោល បញ្ចប់ការបៀតបៀនលើអ្នករិះគន់រដ្ឋាភិបាល និងធ្វើវិសោធនកម្មលើរដ្ឋធម្មនុញ្ញដែលរៀបរៀងដោយយោធា ដែលគេជឿថាជួយឲ្យបក្សលោកប្រាយុទ្ធឈ្នះការបោះឆ្នោតកាលពីឆ្នាំមុន។ នេះ សំដៅលើនីតិវិធីតែងតាំងសមាជិកព្រឹទ្ធសភាថៃ។
ការតវ៉ានេះ បានបំបែកនៅពាក់កណ្ដាលយប់ តែក្រុមអ្នករៀបចំបាតុកម្ម បានអះអាងថា ពួកគេនឹងវិលត្រលប់មកតវ៉ាតាមដងផ្លូវទៀតក្នុងពេល២សប្តាហ៍ ប្រសិនបើការទាមទារពួកគេមិនសម្រេចជោគជ័យទេនោះ។មែនទែនទៅ រដ្ឋាភិបាលលោកប្រាយុទ្ធ រងការរិះគន់ខ្លាំងឡើងៗពីសំណាក់សាធារណជនថៃក្នុងពេលរយៈពេលប៉ុន្មានខែចុងក្រោយ។ ចាប់តាំងពីប្ដូរពីរដ្ឋាភិបាលសឹកទៅស៊ីវិលរួច តុលាការក្រុងបាងកក បានរំលាយបក្សប្រឆាំងធំទី២ ដែលផ្ដល់អំណាចឲ្យបក្សលោកប្រាយុទ្ធកាន់តែខ្លាំងក្នុងសភា។
ដោយសារទំនាស់ផ្ទៃក្នុង សមាជិកគណៈរដ្ឋមន្ត្រីថៃមួយចំនួនដែលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច បានលាលែងពីតំណែង កាលពីក្នុងសប្តាហ៍នេះ ដែលធ្វើឲ្យបញ្ហាសេដ្ឋកិច្ចដោយបង្កឡើងដោយ COVID-19 កាន់តែពិបាកគ្រប់គ្រង៕sp