ក្រុមបាតុករថៃរាប់ពាន់នាក់បន្តប្រមូលផ្តុំគ្នា ដើម្បីបាតុកម្មប្រឆាំងរដ្ឋាភិបាល ទាមទារឲ្យមានកំណែទម្រង់នយោបាយ
ក្រុមបាតុករថៃរាប់ពាន់នាក់ បានប្រមូលផ្តុំគ្នាធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាលជាថ្មីម្តងទៀត នៅឯវិមានប្រជាធិបតេយ្យក្រុងបាងកក ដើម្បីទាមទារឲ្យមានកំណែទម្រង់នយោបាយ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី១៦ ខែសីហា ឆ្នាំ២០២០។
ក្រុមបាតុករទាមទារឲ្យមានការធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ក៏ដូចជាអំពាវនាវឲ្យមានកំណែទម្រង់របបរាជាធិបតេយ្យផងដែរ ដែលជាប្រធានបទមួយដ៏រស៊ើបបំផុតនៅប្រទេសថៃ។ នៅក្រោមច្បាប់ថៃ អ្នកណាដែលហ៊ានរិះគន់គ្រួសាររាជវង្ស នោះនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរ។
អ្នករៀបចំបាតុកម្មខាងលើនេះបាននិយាយថា ពួកគេសង្ឈឹមថាការប្រមូលផ្តុំគ្នានៅថ្ងៃអាទិត្យនេះ នឹងបង្ហាញពីការគាំទ្រយ៉ាងទូលំទូលាយសម្រាប់ការផ្លាស់ប្តូរក្រៅពីក្រុមនិស្សិត ដែលបានរៀបចំការតវ៉ាស្ទើរតែរាល់ថ្ងៃអស់រយៈពេលមួយខែកន្លងមកនេះ។
បើតាមក្រុមអ្នកសង្កេតការណ៍បានឲ្យដឹងថា បាតុកម្មនៅថ្ងៃអាទិត្យនេះគឺជាបាតុកម្មប្រឆាំងរដ្ឋាភិបាលដ៏ធំបំផុតមួយ ចាប់តាំងពីនាយករដ្ឋមន្ត្រី ប្រយុទ្ធចាន់ អូចា ឡើងកាន់អំណាចកាលពីឆ្នាំ២០១៤មក៕SP