ចិន អំពាវនាវជាថ្មីឱ្យអន្តរជាតិគួរដកទណ្ឌកម្ម ក្រោយស្ថានការស្បៀងអាហារនៅកូរ៉េខាងជើងកំពុងជួបការលំបាកខ្លាំង
ចិន៖ ប្រទេសចិនបានអំពាវនាវសាជាថ្មីឱ្យសហគមន៍អន្តរជាតិដកទណ្ឌកម្មសេដ្ឋកិច្ចពីកូរ៉េខាងជើង ដោយសំអាងលើវិបត្តិស្បៀងអាហារ ហើយបានឆ្លៀត ចោទប្រកាន់សហរដ្ឋអាមេរិកថាជាអ្នកបង្កភាពតានតឹងនៅក្នុងតំបន់ តាមរយៈគម្រោងធ្វើសមយុទ្ធយោធារួមគ្នាជាមួយកូរ៉េខាងត្បូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន South China Morning Post ។
នៅក្នុងសេចក្ដីថ្លែងការណ៍តាមប្រព័ន្ធអនឡាញជាមួយក្រុមរដ្ឋមន្ត្រីការបរទេសអាស៊ាននៅថ្ងៃសុក្រសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានលើកឡើងថាការធ្វើសមយុទ្ធយោធារួមគ្នាអាចនឹងបំផ្លាញកិច្ចខិតខំប្រឹងប្រែងដោះស្រាយភាពតានតឹងនៅលើឧបទ្វីបកូរ៉េ។ កូរ៉េខាងជើងបានបញ្ឈប់ការធ្វើតេស្ដអាវុធនុយក្លេអ៊ែរ និងមីស៊ីលរយៈចម្ងាយឆ្ងាយហើយដែរ ដូច្នេះ មធ្យោបាយដោះស្រាយភាពជាប់គាំងដ៏មានប្រសិទ្ធភាព នោះគឺការដកទណ្ឌកម្មសេដ្ឋកិច្ចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិពីកូរ៉េខាងជើង។
គួរបញ្ជាក់ថា កូរ៉េខាងជើងកាលពីសប្ដាហ៍មុន បានព្រមានថាការធ្វើសមយុទ្ធយោធារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងដែលគ្រោងនឹងធ្វើឡើងនៅក្នុង ខែសីហានេះ អាចនឹងបំផ្លាញដល់កិច្ចខិតខំប្រឹងប្រែងស្ដារទំនាក់ទំនងរវាងកូរ៉េទាំង២ ឡើងវិញ។ ជាការឆ្លើយតប ក្រសួងការពារជាតិកូរ៉េខាងត្បូងបានឱ្យដឹងថា ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន កំពុងជជែកគ្នាពីគម្រោងធ្វើសមយុទ្ធយោធារួមគ្នា ប៉ុន្តែមកទល់នឹងពេលនេះមិនទាន់មានការសម្រេចចិត្តណាមួយនោះទេ៕SP