SEOUL៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានផ្សាយកាលពីថ្ងៃអង្គារថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យមានយុទ្ធនាការឃោសនាដើម្បីបង្កើនការគាំទ្រដ៏ពេញនិយមសម្រាប់មនោគមវិជ្ជានៃការពឹងផ្អែកលើខ្លួនឯង ចំពេលមាន "វិបត្តិដ៏អាក្រក់បំផុត" ។

យោងតាមសារព័ត៌មាន KCNA បានអោយដឹងថា លោក គីម ជុងអ៊ុន បានផ្ញើរលិខិតមួយច្បាប់ទៅកាន់មន្ត្រីបក្សកម្មករ (Workers' Party) ដែលកំពុងកាន់អំណាច ដែលចូលរួមក្នុងសិក្ខាសាលាមួយកាលពីថ្ងៃចន្ទក្នុងគោលបំណងជំរុញការលើកទឹកចិត្តសម្រាប់សង្គមនិយម និងការជំរុញលើការបង្កើតថ្មីនៅក្នុងការងារមនោគមវិជ្ជារបស់គណបក្ស។

នៅក្នុងនោះដែរ លោក គីម ជុងអ៊ុន បាននិយាយថា គណបក្សបាននឹងកំពុង "ឆ្ពោះទៅមុខក្នុងការប្រឈមមុខនឹងការលំបាកដ៏អាក្រក់បំផុត" ហើយបានសង្កត់ធ្ងន់លើតម្រូវការក្នុងការផ្សព្វផ្សាយចក្ខុវិស័យរបស់ខ្លួនសម្រាប់ ការពឹងផ្អែកលើខ្លួនឯង ឬ "juche"។

បើយោងទៅតាម KCNA លោក គីម ជុងអ៊ុន ក៏បាននិយាយថា "យើងគួរតែចាត់ទុកកម្លាំងខាងមនោគមវិជ្ជា និងសីលធម៌របស់មហាជនជាអាវុធដ៏សំខាន់បំផុតមិនធ្លាប់មាន ហើយមានចលនាទៅតាមគ្រប់មធ្យោបាយ"។

ជាងនេះទៅទៀត លោក គីម ជុងអ៊ុន បញ្ជាក់បន្ថែមថា ទ្រឹស្ដី juche មានន័យថា "គ្មានអ្វី មិនអាចធ្វើទៅរួចនៅពេលដែលមនុស្សត្រូវបានលើកទឹកចិត្តដោយមនោគមវិជ្ជា" ។ មិនតែប៉ុណ្ណោះ យុទ្ធនាការមនោគមវិជ្ជានេះ គួរតែផ្តោតលើការលុបបំបាត់ "វិញ្ញាណអាក្រក់នៃការប្រឆាំងសង្គមនិយម" និងធាតុមិនមែនសង្គមនិយម ដែលបាន "លេបត្របាក់ពីទីតាំងបដិវត្តន៍របស់យើង" ។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចកើនឡើង ចំពេលមានការដាក់ទណ្ឌកម្មលើកម្មវិធីអាវុធរបស់ខ្លួន គ្រោះមហន្តរាយធម្មជាតិ និងបិទប្រទេសដោយសារជំងឺកូវីដ ១៩ ដែលប៉ះពាល់យ៉ាងខ្លាំងផ្នែកពាណិជ្ជកម្មជាមួយប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏សំខាន់ និងខ្សែជីវិតសេដ្ឋកិច្ចរបស់ខ្លួន។ ជាមួយគ្នានេះផងដែរ សហរដ្ឋអាមេរិកកំពុងជំរុញឱ្យមានការរឹតបន្តឹងទណ្ឌកម្មអន្តរជាតិជុំវិញការសាកល្បងពេញលេញជាលើកដំបូងរបស់ទីក្រុងព្យុងយ៉ាងនៃមីស៊ីលផ្លោងអន្តរទ្វីបកាលពីសប្តាហ៍មុន បើទោះបីជាមានការប្រឆាំងពីប្រទេសចិន និងរុស្ស៊ីក៏ដោយ។ NR

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ