បរទេស៖ ចិន និងរុស្ស៊ីកំពុងជំរុញក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង ដោយរំលឹកឡើងវិញនូវចេតនាកាលពីឆ្នាំ២០១៩ ដើម្បីដកបម្រាមលើការនាំចេញរូបចម្លាក់ អាហារសមុទ្រ និងវាយនភណ្ឌរបស់កូរ៉េខាងជើង ហើយឈានទៅអនុញ្ញាតការនាំចូលប្រេងទៅកាន់កូរ៉េខាងជើងបន្ថែមទៀតផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី០២ វិច្ឆិកា ២០២១៕

កូរ៉េខាងជើងបានរងទណ្ឌកម្មរបស់អង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ២០០៦ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែរ និង មីស៊ីលផ្លោងរបស់ខ្លួន។ ទណ្ឌកម្មដែលអូសបន្លាយពីអន្តរជាតិ និងគ្រោះធម្មជាតិប៉ុន្មានឆ្នាំជាប់ៗគ្នាកំពុងធ្វើអោយកូរ៉េខាងជើងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ ស្របពេលដែលប្រជាជនរាប់លាននឹងប្រឈមមុខគ្រោះអត់ឃ្លាន។ 

តាមរយៈសេចក្តីព្រាងនៃដំណោះស្រាយ ដែលត្រូវបានរៀបរៀងឡើងវិញខាងលើនេះ ចិន និងរុស្ស៊ី ចង់ឲ្យសមាជិកទាំង ១៥ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិដកទណ្ឌកម្មទាំងនោះ ដើម្បីជាការបោះជំហានទៅរកការជួយសង្គ្រោះជីវភាពរស់នៅនៃប្រជាជនកូរ៉េខាងជើង។

គួរបញ្ជាក់ថា សេចក្តីព្រាងដំណោះស្រាយដោយចិន និងរុស្ស៊ីនេះទៀតសោត ក៏រួមបញ្ចូលនូវវិធានការផ្សេងៗទៀត ដែលស្នើឡើងដំបូងដោយរុស្ស៊ី និងចិនកាលពីឆ្នាំ២០១៩ រួមទាំងការដកបម្រាមលើជនជាតិកូរ៉េខាងជើងដែលធ្វើការនៅបរទេស និងការលើកលែងទណ្ឌកម្មលើគម្រោងសហប្រតិបត្តិការផ្លូវដែកអន្តរកូរ៉េផងដែរ។RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ