ក្រុងគៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky កាលពីថ្ងៃពុធបានអំពាវនាវឱ្យមានការពិភាក្សាដោយផ្ទាល់ជាមួយទីក្រុងមូស្គូ ខណៈដែលភាពតានតឹងបានកើនឡើងជុំវិញការអះអាងថារុស្ស៊ីកំពុងដាក់មូលដ្ឋានគ្រឹះសម្រាប់ការឈ្លានពាន។ នេះបើយោងតាមការចុះផ្សារដោយទីភ្នាក់សារព័ត៌មាន Yahoo News នៅថ្ងៃទី ០១ ធ្នូ ២០២១៕
ការអំពាវនាវរបស់ Zelensky បានកើតឡើងនៅពេលដែល NATO សម្លឹងមើលការប្រឆាំងទៅនឹងអ្វីដែលខ្លួននិយាយថា ជាការកសាងកងទ័ពរុស្ស៊ីនៅតាមព្រំដែនជាមួយអ៊ុយក្រែន។
លោក Zelensky បាននិយាយក្នុងអំឡុងសុន្ទរកថាប្រចាំឆ្នាំទៅកាន់សមាជិកសភាក្នុងទីក្រុង Kiev ថា "យើងត្រូវតែប្រាប់ការពិតថា យើងនឹងមិនអាចបញ្ចប់សង្គ្រាមបានទេ ប្រសិនបើគ្មានការចរចាដោយផ្ទាល់ជាមួយរុស្ស៊ី" ។
លោក Zelensky បាននិយាយដោយសំដៅទៅភាគខាងកើតអ៊ុយក្រែនថា៖ «សូមនិយាយដោយស្មោះត្រង់ សង្គ្រាមនៅ Donbass បានបន្តអស់រយៈពេល ៨ ឆ្នាំមកហើយ។
លោក Zelensky បានបន្ថែមថា “យើងត្រូវតែនិយាយ ដោយដឹងថា យើងមានកងទ័ពដ៏រឹងមាំ និងខ្លាំងក្លា” ហើយលោកមិនខ្លាចក្នុងការនិយាយដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin។
យ៉ាងណាមិញ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងជួបជាមួយអ្នកការទូតកំពូលរបស់រុស្ស៊ី លោក Sergei Lavrov នៅរដ្ឋធានី Stockholm នៅថ្ងៃព្រហស្បតិ៍ស្អែកនេះ។