ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន ២នាក់ថែមទៀត ដែលម្នាក់ជាពលករមកពីប្រទេសថៃ និងម្នាក់ទៀតជាអ្នកដំណើរមកពីអាមេរិក។នៅថ្ងៃនេះក្រសួងក៏បានប្រកាស ពីការព្យាបាលអ្នកជំងឺ២នាក់ជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យផងដែរ។

អ្នកឆ្លងជំងឺកូវីដ១៩ថ្មីទាំង២នាក់រួមមាន៖

១៖ ស្ត្រីជនជាតិខ្មែរ អាយុ ៥៧ឆ្នាំ ជាអ្នកដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់ស្ត្រីរូបនេះ ផ្តល់ ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ រាជធានីភ្នំពេញ។

២៖ បុរសជនជាតិខ្មែរ អាយុ ២៦ឆ្នាំ បានធ្វើដំណើរមកពីប្រទេសថៃ មកដល់កម្ពុជានៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ លទ្ធផលធ្វើតេស្ត វត្ថុសំណាករបស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា រាជធានីភ្នំពេញ គឺ វិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន ៤៥៨ នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៤០៥នាក់ និងអ្នកជំងឺ៥៣នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ