រដ្ឋបាលខេត្តកំពង់ចាមប្រកាសទាត់ចោលសំលេងសារ តាមMessenger ថាអ្នកផ្ទុកកូវីដ១៩ម្នាក់ នៅភ្នំពេញ មកចម្លងដល់អ្នកខេត្តកំពង់ចាមជាច្រើននាក់
រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយបដិសេធចោលទាំងស្រុងចំពោះសម្លេងសាររបស់ស្ដ្រីម្នាក់ ដែលបានចែកចាយតាម Messenger ដែលថា មានអ្នកផ្ទុកកូវីដ១៩ម្នាក់ នៅរាជធានីភ្នំពេញ មានប្រាស្រ័យទាក់ទងជាមួយអ្នកខេត្តកំពង់ចាម ដែលអាចបង្កការឆ្លងរីករាលដាលជំងឺកូវីដ១៩ ពេញក្នុងខេត្តកំពង់ចាម។
តាមសេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ចាម ដែលចេញនៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងថា កន្លងមកនេះ មានលេចចេញសារជាសម្លេង របស់ស្ដ្រីម្នាក់មិនស្គាល់អត្ដសញ្ញាណ បានបំផុសបំប៉ោងព័ត៌មានមិនពិត ដែលថាមានបុរសម្នាក់ ដែលមានផ្ទុកជំងឺកូវីដ១៩ នៅ ភ្នំពេញ បានមកធ្វើការងារជាមួយ សហការីរបស់គាត់ នៅក្នុងខេត្ដកំពង់ចាម ដែលអាចបង្កជាការឆ្លងរីករាលជំងឺនេះ ពេញក្នុងខេត្តកំពង់ចាម»។
ជាមួយគ្នានោះរដ្ឋបាលខេត្តកំពង់ចាម ក៏សូមអំពាវនាវ ដល់សាធារណជនឲ្យមានការជឿទុកចិត្ត លើរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាអាជ្ញាធរខេត្ដកំពង់ចាម ដែលកំពុងធ្វើការងារយ៉ាងយកចិត្ដទុកដាក់ និងសកម្មក្នុងការការពារ ទប់ស្កាត់ និងព្យាបាលករណីជំងឺកូវីដ១៩ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីសេចក្ដីសុខរបស់ប្រជាជនទូទៅ។
ក្នុងករណីដឹងមិនច្បាស់លាស់ ឬមានការសង្ស័យពាក់ព័ន្ធនឹងជំងឺកូវីដ១៩ សូមសាកសួរព័ត៌មានជាបន្ទាន់ មកកាន់អាជ្ញាធរមូលដ្ឋាន ឬមន្ដ្រីសុខាភិបាលមូលដ្ឋាន ឬទូរស័ព្ទ ទៅកាន់លេខ១១៥ ដោយឥតគិតថ្លៃ ដើម្បីដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលា ចៀសវាងការផ្សព្វផ្សាយព័ត៌មានមិនពិត ឬមិនច្បាស់លាស់៕SP